ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សភាកម្ពុជាឲ្យសភាប្រទេសអូស្រ្តាលីបន្តវេនធ្វើជាប្រធាននៃវេទិកាAPPFលើកទី28

វិទ្យុជាតិកម្ពុជា៖ដោយវ៉ាង ភក្តី និង លោក ចេម ហួត
សៀមរាប៖សភាកម្ពុជាឲ្យសភាប្រទេសអូស្រ្តាលីបន្តវេនធ្វើជាសប្រធានវេទិកាសភាអាស៊ីប៉ាស៊ិហ្វិក ហៅកាត់ថា APPF បន្ទាប់ពីបានទទួលធ្វើជាម្ចាស់ផ្ទះចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF នៃអាណត្តិលើកទី២៧ បានប្រគល់ទង់ APPF ឲ្យទៅសភាអូស្រ្តាលី ដើម្បីជាសញ្ញាប្រកាសថា សភាកម្ពុជា បានចប់អាណត្តិធ្វើជាប្រធានដឹកនាំនៃវេទិកាថ្នាក់តំបន់នេះហើយ។
ថ្លែងក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំលើកទី២៧ នៃវេទិកា APPF នាល្ងាចថ្ងៃទី១៦ ខែមករានេះ សម្តេចពញាចក្រី ហេង សំរិន បានប្រកាសថា សភាកម្ពុជាគាំទ្រនូវរាល់គំនិតផ្តួចផ្តើមទាំងឡាយ សំដៅស្វែងរកដំណោះស្រាយដោយអហិង្សា ជៀសវាងការប្រឈមមុខគ្នាដោយអាវុធ និងជាពិសេសពង្រឹងពង្រីកតួនាទីសភា ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សា និងស្វែងរកសន្តិភាពក្នុងតំបន់ និងពិភពលោក។
សំឡេង៖ «សន្តិភាពនៅក្នុងតំបន់ និងសកលលោក ជាកត្តាចម្បងចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ ផ្តើមចេញពីសារៈសំខាន់ នៃសន្តិភាព ទើបយើងសម្រេចជ្រើសរើសយកបញ្ហាស្នូលគឺ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព” មកធ្វើជាប្រធានបទសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងតំបន់ ក៏ដូចជាសកលលោក»។
សម្តេចពញាចក្រី ហេង សំរិន បានបន្តថា ការស្វែងរកសុខសន្តិភាព និងថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ទាមទារឱ្យមានការដោះស្រាយជម្លោះដោយសន្តិវិធី ការទុកចិត្តគ្នាទៅវិញទៅមក ដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងឈរលើគោលការណ៍ស្មើភាពគ្នា ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ។
ឯកឧត្តម ស្កុត រីយេន(Scott Ryan) ប្រធានព្រឹទ្ធសភាប្រទេសអូស្រ្តាលី បានបង្ហាញជំហរបន្តលើកកម្ពស់យន្តការសភា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ដើម្បីនាំមកសុខសន្តិភាព និងការអភិវឌ្ឍដោយនិរន្តរភាព។
សភាកម្ពុជា បានទទួលធ្វើជាប្រធានរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកា APPF រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមករា នៅខេត្តសៀមរាប ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» ដោយមានគណៈប្រតភូមកពីប្រទស ចំនួន២១ចូលរួមមានដូចជា៖ កម្ពុជា ចិន អូស្ត្រាលី ឡាវ រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ុងហ្គោលី ណូវ៉ែលហ្សឺឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈីលី ប៉ាពួញូហ្គីនៀ សិង្ហបូរី ជាដើម។

វេទិកាAPPF ត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ដោយ បច្ចុប្បន្ន មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ ចំណែកសភាកម្ពុជា បានចូលជាសមាជិក ពេញសិទ្ធិនៃវេទិកាសភានេះ នៅឆ្នាំ១៩៩៥ ក្នុងតួនាទីចូលរួមស្វែងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕