ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនវាយបកលើការកត់សម្គាល់របស់ នាយករដ្ឋមន្ត្រីកាណាដា រឿងកាត់ទោសប្រហារជីវិតអ្នករត់ពន្ធគ្រឿងញៀនជាតិកាណាដា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — កាលពីថ្ងៃអង្គារ ប្រទេសចិនបានសំដែងការមិនពេញចិត្តយ៉ាងខ្លាំងជាមួយការកត់សម្គាល់របស់ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលរិះគន់ការកាត់ទោសប្រហារជីវិតអ្នករត់ពន្ធគ្រឿងញៀនម្នាក់នោះ ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ជុនយីង បានទទូចដល់ភាគីកាណាដា ឱ្យគោរពវិធានច្បាប់ និងអធិបតេយ្យភាពតុលាការរបស់ប្រទេសចិន , ធ្វើការកែតម្រូវកំហុសឆ្គង ព្រមទាំងបញ្ឈប់ធ្វើការកត់សម្គាល់ដែលគ្មានការទទួលខុសត្រូវនេះ។

តាមសេចក្តីរាយការណ៍នានាឱ្យដឹងថា លោក Trudeau បាននិយាយថា ប្រទេសចិនបានកាត់ទោសប្រហារជីវិត « តាមតែអំពើចិត្ត » ជនជាតិកាណាដា លោក Robert Lloyd Schellenberg ពីបទរត់ពន្ធគ្រឿងញៀន ។

លោកស្រី ហួ បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា ព័ត៌មានដែលមានជាប់ពាក់ព័ន្ធដែលផ្សាយដោយតុលាការប្រជាជនថ្នាក់កណ្តាល Dalian គឺច្បាស់លាស់និងដិតដល់បំផុត ដោយលោកស្រី និយាយបន្ថែមថា ហេតុការណ៍នៃអំពើឧក្រិដ្ឋកម្មដែលបានចោទប្រកាន់ដោយទីភ្នាក់ងារយកមកកាត់ទោសជាសាធារណៈប្រឆាំងនឹងលោក Schellenberg គឺច្បាស់លាស់ ហើយព័ស្តុតាង គឺរឹងមាំនិង​គ្រប់គ្រាន់ ។

លោកស្រី ហួ បាននិយាយថា ឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀននេះ ត្រូវបានគេទទួលស្គាល់ជា សកលថា ជាបទឧក្រិដ្ឋនៅទូទាំងពិភពលោក នឹងបានចាត់ទុកថា ជាគ្រោះថ្នាក់បំផុតដល់សង្គម ។

លោកស្រីបាននិយាយបន្ថែមថា ប្រទេសចិនដូចជាបណ្តាប្រទេសដទៃទៀតជាច្រើនបានធ្វើការ បង្ក្រាប និងដាក់ទោសយ៉ាងធ្ងន់ធ្ងរ ចំពោះឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀននេះ ។

លោក Schellenberg ត្រូវបានគេកាត់ទោសប្រហារជីវិតកាលពីថ្ងៃចន្ទ ពីបទ​ចូលរួមនៅក្នុងការជួញដូរគ្រឿងញៀនអន្តរជាតិដែលមានការរៀបចំ ព្រមទាំងធ្វើសហការជាមួយអ្នកដទៃទៀតនៅក្នុងការរត់ពន្ធថ្នាំមេតាំហ្វេតា មីនជាង២២២ គីឡូក្រាម ​៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )