ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បសសផ្តល់បណ្ណ័ជាង ១០០០ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងទេសចរណ៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖


បេឡាជាតិរបសន្ដិសុខសង្គម ហៅកាត់ថាបសស បានផ្តល់ប័ណ្ណសមាជិកបសសរហូតដល់ជាង ១០០០ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងទេសចរណ៍ ដើម្បីមានភាពងាយស្រួលក្នុងការទៅទទួលសេវាពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យនានាដោយឥតគិតថ្លៃ។


ថ្លែង នៅក្នុងពីធីផ្តល់បណ្ណសមាជិក ប ស ស ជូលដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៤ ខែមករានេះឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងថា ការផ្តល់បណ្ណសមាជិកបេឡាជាតិរបសន្ដិសុខសង្គមដល់មន្រ្តីក្រោមឱវាទនាពេលនេះគឺជា ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរចំពោះសុខទុកមន្ដ្រីរាជការ ដែលបានធានា លើបញ្ហាសុខភាពប្រកបដោយភាពល្អប្រសើរ ។


ឯកឧត្តមបន្ដថា ប្រព័ន្ធគាំពារសង្គមនេះគឺជាជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ វិសមភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយឋានៈរបស់កម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តបានអះអាងថា អនុវត្តប្រព័ន្ធគាំពារសង្គមនេះទៅបានគឺដោយសារតែប្រទេសកម្ពុជា មានសុខសន្ដិភាព ពេញលេញ និងមានការអភវិឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានធ្វើឲ្យប្រទេស កម្ពុជាមានកិត្តិយសស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសលើឆាកអន្ដរជាតិផងដែរ។
សំឡេង៖ ប្រព័ន្ធមួយដែលយើងបង្កើតឡើង ដែលរាជរដ្ឋាភិបាលបានដាក់ចេញនឹងការអនុវត្តនេះគឺជាប្រពន្ធ័ល្អបំផុត ប្រពន្ធ័នេះស្ថិតស្ថេរ ស្ថេរភាពហើយមានការគាំទ្រយ៉ាងសំខាន់ ប្រពន្ធ័នេះគេប្រើនៅក្នុងពិភពលោកទាំងអស់ ហើយបានជួយច្រើនណាស់ទាំងផ្នែកឯកជន ជាពិសេសមន្ដ្រីរាជការ មិនត្រឹមតែផ្ដល់នូវការជួយពេលដែលមានហានិភ័យកើតឡើង ដូចដែលបានបញ្ជាក់ជជែក សួរ និងបកស្រាយអម្បិញមិញនេះ ប៉ុន្ដែសំខាន់ជាងនេះគឺផ្ដល់នៅសេចក្ដីធានា ធានា ផ្ដល់នូវកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាមន្ដ្រី ក្នុងនាមជាពលរដ្ឋ នេះសំខាន់ណាស់មានន័យថា ពេលដែលមានហានិភ័យការងារកើតឡើង បញ្ហាសុខភាពត្រូវបានធានាដោយប្រពន្ធ័មួយ រឹងមាំឋិតថេរនិងរីកចម្រើន។
ថ្នាក់ដឹកនាំក្រសួងការងារបានអះអាងថា គោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គមកំពុងក្លាយជាប្រព័ន្ធមួយដ៏មានប្រសិទ្ធភាពក្នុងការសម្រាលទុកលំបាករបស់មន្រ្តីរាជការនិងកម្មករ កម្មការិនី ក្នុងការពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃ។រហូតមកដល់ពេលនេះ ប.ស.ស មានសមាជិក ជាមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ចំនួនជាង ៣០ម៉ឺននាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅបានទទួលសេវាថែទាំសុខភាពបានចំនួនជាង ២២ ០០០នាក់ និងដង។
សូមបញ្ចាក់ថា មន្ទីពេទ្យដែលជាដៃគូររបស់ បេឡាជាតិរបសន្ដិសុខសង្គម មានចំនួនជាង១៣០០ មន្ទីពេទ្យ ដោយមន្ទីរពេទ្យរដ្ឋមានចំនួន ១២៩៤ និងមន្ទីពេទ្យេឯកជនចំនួន ៤៣មន្ទីពេទ្យ៕