ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងការងារ និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងសហការគ្នាលើការអភិវឌ្ឍ និងការបណ្ដុះបណ្ដលធនធានមនុស្ស

AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានជួបពិភាក្សាគ្នាដើម្បីចូល​រួម​លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងឈ្វេងយល់បន្ថែមពាក់ព័ន្ធវិស័យការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ ធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍រម្លឹកថា កាលពី២០ឆ្នាំមុន  គ្រឹះស្ថាន ឧត្តមសិក្សា​ស្ថិតក្នុងស្ថានភាពមួយនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ និងមានវឌ្ឍនភាពច្រើន តាំងពីការចាប់ផ្តើមបរិមាណតិចតួចរហូត​ដល់មានគុណភាព។ ឯកឧត្តមបានបញ្ជាក់ថា គ្រឹះស្ថានឯកជននេះ​បានចូលរួមវិភាគ​ទានដ៏​មានតម្លៃ គឺបានស្រូបទាញយុវជន យុវនារីដែលបានប្រឡងជាប់ចំណេះទូទៅ ចូលមកក្នុង​គ្រឹះស្ថាន និងបានរួមចំណែកដោះស្រាយសង្គមដ៏ធំមួយ​ដែលជាកិច្ចការរួមរបស់យើង ទាំង អស់គ្នា។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា កម្លាំងពលកកម្មជំនាញ និងបច្ចេកទេស ភាគច្រើ​នចេញពីគ្រឹះស្ថានឯកជន និងបានក្លាយជាប្រភពធនធានមនុស្សដ៏សំខាន់។  

ជាមួយគ្នានេះ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ភាគីទាំងពីរ ត្រូវសហការគ្នាដោយបង្កើតទៅជាក្រុមការងារចម្រុះមួយដែលមានឯកឧត្តមរដ្ឋមន្រ្តីជាសហប្រធាន ជាមួយនឹងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដើម្បីរួមគ្នាអនុវត្តន៍ ទៅលើអ្វី​ដែល​ជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការបង្កើននូវគុណភាពសិក្សា និងគុណ​វុឌ្ឍជាតិ ក៏ដូចជាធនធានមនុស្សក្នុងក្របខណ្ឌអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា ក្រុមការងារនេះ ក៏នឹងចូលរួមក្នុងការអភិវឌ្ឍវិស័យ ការងារ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ការរីកចម្រើនរបស់ប្រទេសជាតិរបស់យើង ព្រោះ ថាកន្លងមករវាងវិស័យគ្រឹះស្ថានឧត្តមសិក្សា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនទាន់មានយន្តការជាមួយគ្នាដើម្បីបង្កើនការឆ្លើយតប​ទៅលើការវិវឌ្ឍថ្មីៗ បន្ថែមទៀតនៅ ឡើយ។

សូមបញ្ជាក់ថា ក្រោយពីកិច្ចពិភាក្សាគ្នារួចហើយ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងក្រសួងការងារ  នឹងបញ្ជូន សមាសភាពរៀងៗខ្លួនដើម្បីបង្កើតក្រុមការងាររួមជំរុញ​ឱ្យ​ប្រសើរ​ឡើងនូវការអភិវឌ្ឍផ្នែកធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់​កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយនានា ដូចជាគោលនយោបាយ​ជាតិ​ស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ដោយ អ៊ុន រិទ្ធី