ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងអប់រំស្នើសុំឱ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រកីឡាការិនី ប៉េតង់ កែ ឡេង ដែលកំពុងឈរឈ្មោះបេក្ខភាពឆ្នើមពិភពលោក

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ — រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ស សុខា បានអំពាវនាវជាឱឡារិក នៅ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩  ដោយស្នើសុំឱ្យប្រជាពលរដ្ឋទូទាំង ប្រទេសបោះឆ្នោត គាំទ្រវីរកីឡាការិនី ប៉េតង់ កែ ឡេង ដែលកំពុងឈរឈ្មោះជាបេក្ខនារី ប៉េតង់ឆ្នើមពិភពលោក ដើម្បីឱ្យកម្ពុជាកាន់តែល្បីសុះសាយ លើផ្នែកកីឡា។

ម្ចាស់មេដាយមាសជើងឯកពិភពលោក ៣សម័យកាល វីរកីឡាការិនី កែ ឡេង ត្រូវបានសហព័ន្ធ កីឡា ប៉េតង់ពិភពលោកជ្រើសរើសប្រកួតប្រជែងជាបេក្ខនារីប៉េតង់ឆ្នើមពិភពលោក ដែលរៀបចំដោយសមាគមហ្គេម អន្តរជាតិពិភព​លោក IWGA (International Wold Game Association) ដែលត្រូវសម្រិតសម្រាំងអត្តពលិក ឆ្នើមនៃកីឡាមិនអូឡាំពិកមានជាង៣០ប្រភេទកីឡា ដើម្បីដណ្តើមជ័យលាភីពានរង្វាន់កីឡាឆ្នើម ឆ្នាំ២០១៨។

នៅក្នុងការប្រជែងនោះ អ្នកស្រី កែ ឡេង គឺបេក្ខនារីឆ្នើមកីឡាប៉េតង់កម្ពុជា ដែលបានឆ្លងផុតវគ្គ ជម្រុះជុំទី១ហើយៗនៅវគ្គទី២ ដែលជាវគ្គផ្តាច់ព្រ័ត្រដណ្តើមយកពានកីឡាឆ្នើមនោះ គឺអ្នកស្រី ត្រូវការសំឡេង ឆ្នោតគាំទ្រច្រើន ដើម្បីឈានទៅដណ្តើមម្ចាស់ជ័យលាភីពិភពលោកនេះ។ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានស្នើសុំយ៉ាងទទូចឱ្យមហាជនទូទាំង ប្រទេសដែលចេះប្រើទូរស័ព្ទ ដៃទំនើបអាចបោះឆ្នោតគាំទ្រជូនដល់អ្នកស្រី កែ ឡេង ដើម្បីរួមគ្នាជួយជាតិ ព្រោះការជួយជាតិមិនមែនមាន ន័យថា ត្រូវតែយកលុយទៅដាក់នៅទីនេះ ឬនៅទីនោះទេ ប៉ុន្តែការគាំទ្រតាមរយៈការបោះឆ្នោតជូនដល់អ្នកស្រី កែ ឡេង ដែលកំពុងឈរ ឈ្មោះបេក្ខនារីឆ្នើមពិភពលោកនេះ ក៏ជារួមចំណែកជួយជាតិដូចគ្នា។ បើកាលណា គាត់ជាប់ជ័យលាភី គាត់នឹងបង្ហាញពីកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើពិភពលោក ជាពិសេសការ ចូលរួមគាំទ្រ គឺជាការរួមគ្នានេះគឺជាការបង្ហាញនូវស្មារតីសាមគ្គីភាពជាតិផងដែរ។

សូមរម្លឹកថា កីឡាការិនីប៉េតង់ដ៏ឆ្នើមរបស់កម្ពុជា អ្នកស្រី កែ ឡេង បានចូលរួមនៅក្នុង កម្មវិធីប្រកួត ប្រជែងនេះបានគឺផ្អែកលើសមត្ថភាពអ្នកស្រី ដោយគិតលើស្នាដៃអ្នកស្រីដណ្តើម បានមេដាយមាសជើងឯកពិភពលោក កាលពីឆ្នាំ២០១៣ លើវិញ្ញាសាវាយយកពិន្ទុ នៅប្រទេសបារាំង, មេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៥ លើវិញ្ញាសាវាយយកពិន្ទុនៅប្រទេសថៃ, មេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៧ វិញ្ញាសាវាយ យកពិន្ទុនៅសាធារណរដ្ឋចិន និងក្នុងឆ្នាំ២០១៨នេះដណ្តើមបានពានរង្វាន់លេខ១លើវិញ្ញាសាប្រកួត២ទល់និង២ និងប្រកួត៣ទល់និង៣នាក់ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ប្រទេសខ្លាំងៗ លើពិភពលោក៕

ដោយ ហេង ណាលីន