ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច ស្នើឱ្យក្រសួងសាធារណការ រៀបចំនិយាមបច្ចេកទេសកសាងផ្លូវថ្នល់​ឱ្យបានច្បាស់លាស់ ដើម្បីធានាគុណភាពប្រើប្រាស់បានយូរអង្វែង

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំ​និយាម​បច្ចេកទេសសម្រាប់គ្រប់ប្រភេទផ្លូវថ្នល់ និងផ្លូវដែកឱ្យបានច្បាស់លាស់ និងការត្រួត ពិនិត្យឱ្យបានហ្មត់ចត់ លើផ្នែកបច្ចេកទេសសាងសង់ ជួសជុល និងថែទាំផ្លូវស្ពាន ឱ្យបានមាំ  ដើម្បីធានាគុណភាពប្រើប្រាស់បានយូរអង្វែង។ក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៨ និងលើក ទិសដៅការងារឆ្នាំ២០១៩ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ទៅនៅសាល​សន្និសីទចតុមុខ  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ជំរុញឱ្យក្រសួងសាធារណការ រៀបចំផែនការមេថ្នាក់ ជាតិស្ដី ពីការដឹកជញ្ជូន និងភស្ដុភារកម្មឱ្យបានចប់ឆាប់រហ័សដែលរួមមានការអភិវឌ្ឍផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវទឹក ផ្លូវដែក កំពង់ផែ ផ្លូវអាកាស និងប្រព័ន្ធភស្ដុភារកម្ម ដើម្បីធានាប្រព័ន្ធ ដឹក ជញ្ជូនមួយមានប្រសិទ្ធភាព ភាពប្រកួតប្រជែងខ្ពស់ ក្នុងការបង្កើនការតភ្ជាប់រវាងប៉ូលសេដ្ឋកិច្ច សំខាន់ៗនៅកម្ពុជា។ ឯកឧត្ដមបានថា ក្រៅពីនេះ ក៏ត្រូវយកចិត្ដទុកដាក់កសាងប្រព័ន្ធដឹក ជញ្ជូនសាធារណៈក្នុងទីក្រុង នៅតាមរាជធានី ខេត្ដ ក្រុង ស្រុក  និងទីប្រជុំជនធំៗដែលមាន សក្ដានុពល ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុខុមាលភាពរបស់ប្រជាពល រដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា ជាការពិតណាស់ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ជាវិស័យមួយដ៏សំខាន់ និងជាសរសៃឈាមជំរុញលំហូរពាណិជ្ជកម្ម និងទ្រទ្រង់ សេដ្ឋកិច្ច ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាព ក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបាន បានលើកឡើងអំពីផែនការគម្រោងសំខាន់ៗសម្រាប់ឆ្នាំ២០១៩នេះ ដែលរួមមាន សេចក្ដី​ព្រាងអនុក្រឹត្យស្តីពីផ្លាកលេខពិសេសរថយន្ត សំដៅប្រមូលថវិកាជូនរដ្ឋ ផ្តល់ជម្រើសងាយ ស្រួលដល់ម្ចាស់កម្មសិទ្ធិយានយន្ត និងពង្រឹងការគ្រប់គ្រងយានយន្ត គម្រោងកាត់បន្ថយអត្រា នៃការរងរបួសធ្ងន់ធ្ងរឱ្យបាន៥០ភាគរយ ត្រឹមឆ្នាំ២០២០ និងការបង្កើតក្រុមការងារ ត្រួតពិនិត្យ រថយន្តដឹកជញ្ជូនទំនិញតាមគោលដៅកំពង់ផែស្វយ័តដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាដើម។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិត មកដល់ពេលបច្ចុប្បន្ននេះ ការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្ដ មានប្រវែងសរុបចំនួន១៦.២៩២ គីឡូម៉ែត្រ ក្នុងនោះចាក់កៅស៊ូ និងបេតុងបានប្រវែង៨.៦២០គីឡូម៉ែត្រ ត្រូវនឹង៥២.៩១ ភាគរយ នៃប្រវែងផ្លូវសរុប។ ចំពោះការស្ថាបនាផ្លូវជាតិកម្រិត១មានចំនួន៩ខែ្ស ប្រវែង២.២៥៤ គីឡូម៉ែត្រ ចាក់កៅស៊ូ និងបេតុងបាន១០០ភាគរយ។ ផ្លូវជាតិកម្រិត២ ចំនួន៦៦ខ្សែ ប្រវែង ៥.០០៧គីឡូម៉ែត្រ ចាក់កៅស៊ូ និងបេតុងបាន៧២.៣០ភាគរយ។ ចំណែកផ្លូវខេត្ដមាន ចំនួន ៥២៨ខ្សែ ប្រវែង៩.០៣១គីឡូម៉ែត្រ ចាក់កៅស៊ូ និងបេតុងបាន៣០.៤០ភាគរយ៕

ដោយ អ៊ុន រិទ្ធី