ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា-វៀតណាម ចេញសេចក្តីប្រកាសរួមស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ — ក្រោយកិច្ចប្រជុំលើកទី១០ ស្តីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន  កម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលភាគីទាំងពីរបានចេញ សេចក្តីប្រកាសរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យ កាន់តែរឹងមាំបន្ថែមទៀត។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី៩-១០ខែមករា ឆ្នាំ២០១៩នេះ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមការចេញផ្សាយ របស់ក្រសួងមហាផ្ទៃ។

ក្នុងសេចក្ដីប្រកាសភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការ បណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាពង្រឹង ពង្រីក ចំណងទំនាក់ទំនងក្នុងលក្ខណៈជាភូមិផងល្អ ប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យស្ថិតថេរ យូរអង្វែង រវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃ​ខ្ពស់ចំពោះការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ក្នុងសេចក្ដីប្រកាសបានបន្ដថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់បណ្តាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការកសាងក្របខណ្ឌ ច្បាប់យ៉ាងសកម្ម និងដំណើរការគ្រប់យន្តការសហប្រតិបត្តិការនានា សំដៅបង្កលក្ខណៈងាយ ស្រួលដល់កិច្ចសហប្រតិបត្តិការរបស់ខេត្តជាប់ព្រំដែន ស្របទៅតាមទិសដៅដែលដាក់ចេញ នាកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ ទន្ទឹមនេះ ប្រទេសទាំងពីរ បន្ដកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិក្នុង​ការថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ និងគូសបញ្ជាក់​សារជាថ្មីថា មិនអនុញ្ញាតឱ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយប្រើប្រាស់ទឹកដី​របស់​ប្រទេសម្ខាង ដើម្បីបង្កមហន្ដរាយដល់សន្តិសុខជាតិ និងស្ថិរភាពរបស់ប្រទេស ម្ខាងទៀត ឡើយ។ ក្នុងសេចក្ដីប្រកាសបានបន្ថែមថា ភាគីទាំងពីរស្វាគមន៍យល់ព្រមដំឡើងកម្រិត​ច្រកទ្វាព្រំដែន​ម៉ឺនជ័យ(ខេត្តព្រៃវែង) តឹនណាម(ខេត្តតៃនិញ) ទៅជាច្រកទ្វាព្រំដែនអន្តរជាតិ និងសម្រេចឱ្យបានឆាប់នូវកិច្ចការត្រៀមរៀបចំនានា ដើម្បីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នៅពេលវេលាសមស្រប ក៏ដូចជាការបញ្ចប់បែបបទដំឡើងកម្រិតច្រកទ្វារ តំបន់ព្រំដែនបុស​មន (ខេត្តស្វាយរៀង)- ភឿកតឺន(ខេត្តតៃនិញ) ទៅជាច្រកទ្វារព្រំដែនទ្វេភាគីផងដែរ។ ក្រៅពី នេះ ក៏បានឯកភាពជំរុញកសាងផ្លូវ និងស្ពានឆ្លងកាត់ព្រំដែន ហើយ ភាគីទាំងពីរបានឯកភាព​ដាក់ចេញនូវទិសដៅរួមគ្នា សំដៅពង្រឹង និងបង្កើនកិច្ចសហការលើវិស័យកសិកម្មរុក្ខា​ប្រមាញ់ និងនេសាទផងដែរ។

ចំពោះវិស័យសុខាភិបាល ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើលទ្ធផលកិច្ចសហប្រតិបត្តិ​ការក្នុងរយៈពេលកន្លងមក និងតាមរយៈលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងឃោសនាការ។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពី​កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម នៅព្រះរាជា​ណាចក្រកម្ពុជាក្នុងឆ្នាំ២០២០ខាងមុខ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ក្រសួងមហាផ្ទៃ