ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្លាប់៤នាក់ក្នុងការវាយប្រហារដោយ drone  របស់ពួកហ៊ូធី ទៅលើព្យុហយាត្រាយោធារដ្ឋាភិបាលយេម៉ែន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា  ឆ្នាំ២០១៩ — ពួកឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការវាយប្រហារដោយយន្តហោះគ្មានអ្នកបើក ( drone ) ទៅលើព្យុហយាត្រាយោធារដ្ឋាភិបាលមួយ នៅក្នុងខេត្តឡាដ ( Lahj  ) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ នឹងធ្វើឱ្យរបួស ២០នាក់ទៀត ។

ទីភ្នាក់ងារព័ត៌មាន Saba ដែលពួកហ៊ូធីត្រួតត្រាបាននិយាយថា ការវាយប្រហារនោះ បានធ្វើឡើង ដោយ drone   « Kasif1 » ទៅលើព្យុហយាត្រាយោធានោះនៅក្នុងមូលដ្ឋានយោធា al-Anad កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ Mohammed Ali al- Houthi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួទទួលបាននោះថា ការវាយប្រហារដោយ drone  នេះ បានផ្តោតទៅលើនាយសេនាធិការ ( រដ្ឋាភិបាល ) លោក Abdullah al-Nakhey , អនុរបស់លោក គឺលោក Saleh al-Zindany ព្រមទាំងពួកមេដឹកនាំ កំពូលៗជាច្រើននាក់ទៀត ។

ទូរទស្សន៍ Al Arabiya របស់ប្រទេសអារ៉ាប៊ីសាអូឌីត រាយការណ៍ថា មេដឹកនាំយោធា ដែលស្មោះ ត្រង់យ៉ាងហោចណាស់៦នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយ drone របស់ពួកឧទ្ទាមនេះ ។

ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីការឈប់បាញ់ ដែលមិនមាំទាំមួយ រវាងរដ្ឋាភិបាល ដែលប្រទេសអារ៉ាប៊ីសាអូឌីត គាំទ្រនឹងពួកឧទ្ទាម ដែលអ៊ីរ៉ង់គាំទ្រនៅក្នុងទីក្រុងកំពង់ផែ Hodeidah នៃសមុទ្រក្រហមរបស់ប្រទេសនេះ ហាក់ដូចជាបានគាំងដំណើរនោះ ។

កាលពីថ្ងៃពុធ បេសកជនពិសេស អ.ស.ប នៅប្រទេសយេម៉ែន លោក Martin Griffiths បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ភាគីទាំងពីរ គឺរដ្ឋាភិបាលនិងពួកហ៊ូធី ជាទូទៅបានប្រកាន់ខ្ជាប់បទឈប់បាញ់នៅ    Hodeidah ដែលបានចូលជាធរមានកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៨ ។

លោក Griffiths  បាននិយាយថា ក្រុមរបស់លោកនឹងបន្តពង្រឹងការឈប់បាញ់ ដែលមិនមាំទាំនេះ នឹងជំរុញទៅរកការធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )