ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលប្តេជ្ញាកាត់បន្ថយអត្រាស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឲ្យបាន៥០ភាគរយ នៅឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖


រាជរដ្ឋាភិបាលប្តេជ្ញាកាត់បន្ថយអត្រាស្លាប់និងរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យបាន៥០ភាគរយ នៅឆ្នាំ២០២០មុខខាងមុនេះ ដើម្បីធានាបាននូវសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ថា ក្រសួងនឹងរៀបចំបទប្បញាត្តិ និងសេចក្ដីណែនាំ ដល់មន្ដ្រីរាជការ និងបុគ្គលិកទាំងអស់នៃបណ្ដាស្ថាប័នក្រុមហ៊ុន និងគ្រិះស្ថានអប់រំ ឲ្យចូលរួមអប់រំផ្សព្វផ្សាយស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកសម្រេចនូវគោលដៅទសវត្សរ៍របស់អង្គការសហប្រជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ឯកឧត្តមបន្ដថា ដើម្បីឈានទៅសម្រេចគោលដៅកាត់បន្ថយអត្រាគ្រោះថ្នាក់និងស្លាប់ដោយសារបញ្ហាចរាចរណ៍នេះ ក្រសួងក៏បានបន្ដយុទ្ធនាការចែកចំណាំងផ្លាតសុវត្ថិភាព និងមួកសុវត្ថិភាពដល់អ្នកបើកបរទោចក្រយានយន្ដ ផលិតស្ពតផ្សព្វផ្សាយបន្ថែម និងបំពាក់កាមេរ៉ាត្រួតពិនិត្យតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ និងកែលម្អទីតាំងទាំងនោះឲ្យមានភាពល្អប្រសើរឡើងបន្ថែមទៀត។
លោកស្រី លឹម សុខជា ជាប្រធានអង្គការសម្ព័នដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគាំទ្រនូវគាំទ្រនូវផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនេះនឹងជួយលើកកម្ពស់សុវត្ថិភាពនៅតាមដងផ្លូវឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់តាមការគ្រោងទុក។ លោកស្រីបានអះអាងថា ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនត្រឹមតែដោះស្រាយបញ្ហាសោកនាដកម្មនានានៅតាមដងផ្លូវប៉ុណ្ណោះទេ ថែមទំាងកាត់បន្ថយខាតបង់សេដ្ឋកិច្ចក្រុមគ្រួសារនិងសេដ្ឋកិច្ចជាតិថែមទៀតផង។
សំឡេង៖ «ទី១បើសិនជាយើងកាត់បន្ថយបានគឺយើង មិនខានបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យើងអាចយកលុយដែលចំណេញពីនឹងទៅអភិវឌ្ឍរឿងផ្សេងបាន ទី២យើងរក្សាធនធានរបស់យើងឲ្យបាននៅដដែល ទី៣យើងរក្សាសណ្ដាប់ធ្នាប់សាធារណៈ ឥរិយាបទក្នុងការបើកបរ សីលធម៌របស់ប្រជាពលរដ្ឋរស់នៅបានល្អប្រសើរ ទី៤គឺសុខសុវត្ថិភាពទាំងអស់គ្នា សុទ្ធតែចំណេញហើយបើអត់មានគ្រោះថ្នាក់ចរាចរណ៍»។
យោងតាមរបាយការណ៍ ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្លាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថានៅឆ្នាំ២០១៨កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានកើតឡើងចំនួន ៣,២៦៧ ករណី ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកចំនួនអ្នកស្លាប់បានធ្លាក់ចុះ១ភាគរយ ខណៈចំនួនអ្នករងរបួសបានធ្លាក់ចុះ១៤ភាគរយ។ តាមរយៈតួរលេខនេះជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៕