ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចចាត់ទុកសមិទ្ធិផលរបស់វិស័យដឹកជញ្ជូននិងសាធារណការបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារីរតនះ ៖


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចចាត់ទុកសមិទ្ធិផលនានាដែលសម្រេចបានក្នុងវិស័យដឹកជញ្ជូននិងសាធារណការបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្តែងការកោតសរសើរចំពោះក្រសួងសាធារណការនឹងដឹកជញ្ជូនដែលបានអនុវត្តការងារសម្រេចបានជោគជ័យជាច្រើន ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស។
ថ្លែងពិធីបិទសន្និបាតបូកសរុបការងារនិងលើកទិសដៅរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី១០ ខែមករា ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវស្ពានផ្លូវដែកផ្លូវអាកាសផ្លូវទឹកកំពង់ផែនិងប្រព័ន្ធគ្រប់គ្រងមធ្យោបាយដឹកជញ្ជូន គឺជាសរសៃឈាមជំរុញលំហូរពាណិជ្ជកម្មនិងលើកកម្ពស់កំណើនសេដ្ឋកិច្ច ជាតិយ៉ាងមានប្រសិទ្ធភាព។


ឯឧត្តមបានបន្តទៀតថាក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀតនេះ ក្រសួងសាធារណការត្រូវពង្រឹងប្រសិទ្ធភាពកែលម្អជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថ្មីៗបន្តទៀតដែលមានគុណភាពស្របតាមស្តង់ដារ ដែលធានាឲ្យបាននូវប្រព័ន្ធដឹកជញ្ជូនមួយដែលមានប្រសិទ្ធភាពខ្ពស់ដោយមានប្រទាក់ក្រឡារវាងផ្លូវគោកផ្លូវដែកផ្លូវទឹកនិងផ្លូវអាកាសព្រមទាំងការតភ្ជាប់ជាមួយប្រទេសជិតខាង ដើម្បីផ្លាស់ប្តូរទំនិញកាន់តែមានភាពងាយស្រួល។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងសាធារណការ នឹងខិតខំព្យាយាម គិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់គ្រប់គ្រងប្រភេទផ្លូវថ្នល់និងផ្លូវដែកឱ្យបានច្បាស់លាស់រួមបញ្ចូលទាំងការត្រួតពិនិត្យឲ្យបានហ្មត់ចត់លើផ្នែកបច្ចេកទេសសាងសង់ជួសជុលនិងថែទាំផ្លូវស្ពានឲ្យបានរឹងមាំមានគុណភាពនិងសុវត្ថិភាពខ្ពស់និងជាពិសេសការគ្រប់គ្រងចំណីផ្លូវថ្នល់ឲ្យមានប្រសិទ្ធភាព ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាយថាហេតុដែលបង្កឲ្យមានការបាត់បង់និងខាតបង់ចំណូលសេដ្ឋកិច្ចជាតិ៕