ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អបអរសាទរ ចំពោះកម្ពុជាដែលបានប្រារព្ធពិធីរម្លឹកខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម ត្រឹន កឹមទូ (Tran Kam Tu) លេខាធិការមជ្ឈិមបក្ស និងជាប្រធាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអបអរសាទរ ចំពោះកម្ពុជា ដែលថ្មីៗនេះបានប្រារព្ធពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ដែលជាទិវាជាប្រវត្តិ សាស្ត្រមួយនាំឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។

នៅក្នុងជំនួបសម្តែងការគួរសម និងសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពជា ឯកឧត្តម ត្រឹន កឹមទូ ក៏បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង កិច្ចសហប្រតិ បត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ ដែលកាន់តែមានការរីក ចម្រើនជាលំដាប់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងមោទនភាពចំពោះវឌ្ឍនភាព នៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានចាត់ទុកវត្តមានរបស់ឯកឧត្តម ត្រឹន កឹមទូ និងគណៈប្រតិភូ គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនាពេលនេះ បានរួម ចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត។

សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានជម្រាបជូនគណៈប្រតិភូអំពីការរៀបចំទិវា៧មករា ខួបទី៤០កន្លងទៅ ដោយសម្តេចបានភ្ជាប់ជាមួយការដឹងគុណចំពោះបក្សកុម្មុយនីស្តប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមចំណែកដ៏ធំធេង ក្នុងការជួយរំដោះប្រជាជន កម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី ៤០ឆ្នាំមុន គឺ ថ្ងៃ៧ មករា ១៩៧៩ ដោយក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានខិតខំយ៉ាងលំបាកក្នុងការស្តារកសាង និង អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានអបអរសាទរ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងយ៉ាងឆាប់រហ័ស។ សម្តេចមានជំនឿថា ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាមនឹង បន្តទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិកាន់ តែរុងរឿងថែមទៀត៕

ដោយ ប៉ាល់ សុង