ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួងអប់រំផ្សព្វផ្សាយបង្ការបញ្ហាគ្រឿងញៀនក្នុងគ្រឹះស្ថានសិក្សាឯកជន

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួងអប់រំផ្សព្វផ្សាយ​បង្ការបញ្ហាគ្រឿង​ញៀន​ក្នុងគ្រឹះស្ថានសិក្សាឯកជនដើម្បីឲ្យសិស្សនានុសិស្សបានយល់ពីគ្រោះថ្នាក់ និងចេញឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន។

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាលាប៊ែលធីអន្តរជាតិ បានបើកកិច្ចផ្សព្វផ្សាយបង្ការបញ្ហាគ្រឿងញៀនក្នុងគ្រឹះស្ថានសិក្សាក្រោមអធិបតីភាពលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថ្លែងអំណរគុណដល់សាលាប៊ែលធីអន្តរជាតិដែលតែងតែសហការចូលរួមអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំងបីលើករបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់បាននូវការរីករាលដាលបញ្ហាគ្រឿងញៀន។
ក្នុងឱកាសនោះដែរ លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលាប៊ែលធីអន្តរជាតិដែលបានរៀបចំកម្មវិធីនេះឡើង និងចូលរួមនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការចាត់ចែងតម្រង់ទិសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន សំដៅធ្វើការអភិវឌ្ឍបរិស្ថានល្អក្នុងការងារផ្តល់សេវាអប់រំនៅទូទាំងប្រទេសប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល ដើម្បីអនាគតដ៏ផូរផង់ជូនដល់កូនខ្មែរឱ្យទទួលបានឱកាសពេញលេញចូលរួមអភិវឌ្ឍ វិជ្ជាសម្បទា បំណិនសម្បទា និងឥរិយាសម្បទា ក្លាយជាពលរដ្ឋល្អ ជាសិស្ស៣ល្អ សម្រាប់ការកសាងសង្គមបានរីកចម្រេីនដោយគ្មានគ្រឿងញៀន៕