ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា-ជប៉ុនគ្រោងរៀបចំឱ្យមានកិច្ចព្រមព្រៀងបង្កើនទីផ្សារការងារដល់ប្រជាជនកម្ពុជា

វិទ្យុជាតិកម្ពុជា អត្ថបទដោយលោ ជួន បូណា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានិងជប៉ុនគ្រោងរៀបចំឱ្យមានកិច្ចព្រមព្រៀងរួមគ្នាមួយដើម្បីបង្កើន​ទីផ្សារការងារ​ដល់ប្រជាជនកម្ពុជាអោយបានកាន់តែច្រើន ដើម្បីជួយជំរុញការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ​និងដោះស្រាយវិបត្តិគ្មាន​ការងារធ្វើរបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកមីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍កិច្ចការបរទេស និងការពារជាតិជប៉ុន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា នៅពេលខាងមុខ​នេះនឹង​មានក្រុមហ៊ុនជប៉ុនបើកជាបន្តបន្ទាប់នៅកម្ពុជា ដើម្បី បណ្តុះបណ្តាល និងងាយស្រួលបញ្ជូនពលករ ការីសិក្សាពីកម្ពុជា​ទៅជប៉ុន ខណៈដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។

ឯកឧត្តមបន្តថា ដើម្បីអនុវត្តន៍នូវគម្រោងថ្មីនេះបាន នាពេលខាងមុខរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេសក្រសួងការងារកំពុងរៀបចំឲ្យមានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីអនុវត្តន៍នូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន។
លោកមីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍កិច្ចការបរទេស និងការពារជាតិជប៉ុន បានបញ្ជាក់ថា ជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និង​សម្រាប់​អនុវត្តនូវកំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកខ្វះកម្លាំងពលកម្ម​ជំនាញនៅ​ប្រទេសជប៉ុន។

ជាមួយគ្នានេះ ជប៉ុនបាននឹងកំពុងរៀបចំឱ្យមានសេចក្តីព្រាងនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តា​ប្រទេស​បញ្ជូន​​ទាំងអស់ ដែលបានអនុញ្ញាតឱ្យបញ្ជូលទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេស ទៅប្រទេសជប៉ុន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងចំណោមជាដៃគូប្រទេសជប៉ុនដែលបញ្ជូនពលករទៅធ្វើការនៅទីនោះមានចំនួន១៥ប្រទេស ហើយចំនួនដែលបានបញ្ជូនទៅពីលេខ១ រហូតដល់១៥ កម្ពុជាឈរលើលេខរៀងទី៧ ដែលគិតមកដល់ពេលនេះ កម្ពុជាមានកម្មសិក្សាការីចេញទៅធ្វើការនៅ ជប៉ុន មានចំនួន ប្រមាណជាង៩ពាន់នាក់៕