ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អារ៉ាប៊ីសាអូឌីត ថា ពួកឧទ្ទាម១៥នាក់ស្លាប់ក្នុងការវាយប្រហារ ដោយមីស៊ីលដែលខ្វះសមត្ថភាពក្នុងប្រទេសយេម៉ែន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ — ទូរទស្សន៍ Al Arabiya TV  របស់ប្រទេសអារ៉ាប៊ីសាអូឌីត រាយការណ៍ថា ពួកឧទ្ទាមហ៊ូធី យ៉ាងហោចណាស់១៥នាក់បានស្លាប់កាលពីព្រឹកថ្ងៃពុធនៅពេល ដែលប៉ុនប៉ងបាញ់មីស៊ីលផ្លោងមួយសំដៅទៅប្រទេស អារ៉ាប៊ីសាអូឌីត ចេញពីប្រទេសយេម៉ែនភាគខាងជើង ។

ទូរទស្សន៍ Al Arabiya បាននិយាយថា​ ពួកអ្នកជំនាញការមីស៊ីលបានស្ថិតនៅក្នុងចំណោមអ្នកដែលស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលដែលខ្វះសមត្ថភាពនេះ ដែលបានកើតឡើងនៅក្នុងតំបន់  al-Tayyar  នៃស្រុក Majaz  ក្នុងខេត្ត Saada តែយ៉ាងណាក៏ដោយ មន្ត្រីហ៊ូធីម្នាក់នៅឯប្រព័ន្ធផ្សព្វផ្សាយរបស់ពួកឧទ្ទាម បានបដិសេធសេចក្តីរាយការណ៍នេះ ដោយបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ជាអនាមិកថា យន្តហោះចម្បាំងក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានវាយប្រហារមូលដ្ឋានយោធា  Kahlan ក្នុងខេត្ត Saada នៅពេលយប់នឹងបានសម្លាប់មនុស្ស២នាក់ ។

មន្ត្រីហ៊ូធី នេះបានបដិសេធមិនផ្តល់ឱ្យនូវព័ត៌មានលម្អិតថែមទៀតទេ ។ ពួកឧទ្ទាមហ៊ូធី បានធ្វើការវាយប្រហារដោយមីស៊ីលជាច្រើនទៅលើទីក្រុងព្រំដែន អារ៉ាប៊ីសាអូឌីត ដើម្បីសងសឹកចំពោះការវាយប្រហារតាមអាកាសនេះ ។ មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់នឹងកម្ទេចចោលនៅលើអាកាស ។

ប្រទេសអារ៉ាប៊ីសាអូឌីត បាននឹងកំពុងដឹកនាំក្រុមចម្រុះយោធាអារ៉ាប់មួយ នៅក្នុងប្រទេសយេម៉ែន ប្រឆាំងនឹងកងជីវពលហ៊ូធី ដែលអ៊ីរ៉ង់គាំទ្រចាប់តាំងពីខែមីនា ឆ្នាំ ២០១៥ មកដើម្បីនាំយករដ្ឋាភិបាល  យេម៉ែន ដែលនិរទេសខ្លួនរបស់ប្រធានាធិបតី Abd- Rabbu Mansour Hadi មកដាក់វិញ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )