ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសបារំាងនឹងចាត់វិធានការតឹងរឹងទៅលើការតវ៉ាដែលមិនបានប្រកាសឲ្យដឹងជាមុន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៨.០១.១៩)

បារំាង៖ នាយករដ្ឋមន្ត្រីប្រទេសបារំាង លោក អេឌូអាដ ហ្វីលីព បាននិយាយកាលពីថ្ងៃចន្ទនេះថា រដ្ឋាភិបាល​គ្រោងនឹងចេញច្បាប់មួយ ដើម្បីរឹតបន្តឹងទៅលើការរៀបចំធ្វើបាតុកម្មតវ៉ា
ដែលមិនបានប្រកាសឲ្យដឹងជាមុនក្នុងការឆ្លើយតបទៅនឹងការធ្វើបាតុកម្មហឹង្សារបស់ក្រុមអាវកាក់លឿង ដែលជាការបង្ហាញនូវជំហរតឹងរឹងប្រឆំាងនឹងការធ្វើឲ្យមានភាពចលាចល ក្នុងប្រទេស ។

លោកនាយករដ្ឋមន្ត្រីបារំាង បានលើកឡើងពីជំហរនេះបន្ទាប់ពីពួកបាតុករបានដុតទោចក្រយានយន្ត​​ និងបានដុតរបំាងឃាំងផ្លូវ នៅលើដងផ្លូវសំាងហ្សឺមេនក្នុងទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ។ ការធ្វើបាតុកម្ម ដែលអូសបន្លាយអស់ជាច្រើនថ្ងៃមកនេះគឺមានគោលបំណងប្រឆំាងនឹងការឡើងកាន់តែខ្ពស់នូវការចំណាយក្នុងការរស់នៅនិងប្រឆំាងនឹងប្រធានាធិបតី លោកអេម៉ានូអែល ម៉ាក្រុង ។​

លោកនាយករដ្ឋមន្ត្រីបារំាង បាននិយាយថា “យើងត្រូវតែថែរក្សានូវសិទ្ធិដើម្បីធ្វើបាតុកម្មក្នុងប្រទេសបារំាងតែយើងក៏ត្រូវតែចាត់វិធានការតឹងរឹងប្រឆំាងនឹងអ្នកដែលបំពានច្បាប់ដែរ” ។​