ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលទៅយកសៀវភៅច្បាប់នៅពិព័រណ៍វិមាន ឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា៖អត្ថបទថោយលោកវ៉ាង ភក្តី
ភ្នំពេញ: ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ និងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ បានចូលទៅយកសៀវភៅច្បាប់ ដែលបានចែកជូនដោយមិនគិតថ្លៃនៅបញ្ជរស្តង់ក្រសួងយុត្តិធម៌ នាឱកាស សម្ពោធវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុង ដែលរាជរដ្ឋាភិបាលប្រារព្ធឡើងក្នុងរាជធានីភ្នំពេញ ចាបថ្ងៃទី២៩-៣១ ខែធ្នូ។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
លោក កែ ធឿន ប្រជាពលរដ្ឋមានស្រុកកំណើតនៅខេត្តព្រៃវែង បានសុខចិត្តឈរជាជួរក្នុងចំណោមមនុស្សជាច្រើន ដើម្បីទទួលបានសៀវភៅច្បាប់នានា ដែលចែកជូនដោយឥតគិតថ្លៃពីក្រសួងយុត្តិធម៌ នាថ្ងៃចុងក្រោយនៃពិធីអបអរទិវាខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ចំណែក ព្រះតេជគុណ ឃាងលី ចាន់ថេង គង់នៅវត្តព្រះពុទ្ធមានបុណ្យ រាជធានីភ្នំពេញ មានពុទ្ធដីកាថា សៀវភៅច្បាប់គោលរបស់កម្ពុជាដូចជា៖ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី នីតិវិធីនិងការប្រព្រឹត្តទៅរបស់តុលាការ ជាដើមនេះ ជាប្រភពផ្តល់នូវពុទ្ធិមួយដ៏សំខាន់នៅក្នុងវិស័យយុត្តិធម៌ និងតុលាការ។
សំឡេង៖ សៀវភៅហ្នឹងយកទៅសម្រាប់………………………..ប្រជា
កញ្ញា ស្រីណាក់ និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា សៀវភៅច្បាប់ទាំងនេះជាប្រភពទុនដ៏សំខាន់នៃការសិក្សារបស់ខ្លួន។

តាមការឲ្យដឹងពីឯកឧត្តម ទិត សារឿន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ មានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈប្រមាណជាង១ម៉ឺននាក់ បានចូលទៅយកសៀវភៅ ដែលបានផ្សព្វផ្សាយដោយក្រសួងយុត្តិធម៌។

អគ្គលេខាធិការក្រសួងយុត្តិធម៌រូបនេះ បានឲ្យដឹងទៀតថា នេះជាលើកទី១ហើយ ដែលមានការផ្តល់នូវសៀវភៅច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ខណៈកន្លងមកធ្លាប់បានត្រឹមតែផ្សព្វផ្សាយ និងចែកឲ្យតែមន្ត្រីជាអ្នកអនុវត្តច្បាប់ និងនិស្សិតមួយចំនួនប៉ុណ្ណោះ៕