ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចពិជ័យសេនាទៀបាញ់បង្ហាញថា កីឡាវាយកូនគោលកម្ពុជាមានការរីកចំរើន ស្របពេលប្រទេសមានសន្តិភាពពេញលេញ

វិទ្យុជាតិកម្ពុជា៖ ដោយលោកម៉ឹង កុសល់

ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ បង្ហាញថា កីឡាវាយកូនគោលនៅកម្ពុជាមានការរីកចំរើន ស្រប់ពេលដែលប្រទេសមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចពិជ័យសេនាទៀ បាញ់បានថ្លែងថាសហព័ន្ធកីឡាវាយកូនគោលនៅកម្ពុជាបានរីក​ចម្រើនគួរឱ្យកត់សម្គាល់​ដោយបច្ចុប្បន្ននេះយើងមានទីលានវាយកូនគោលចំនួន 10 នៅតំបន់ទេសចរណ៍សំខាន់ៗ ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប, ខេត្តកោះកុងនិងខេត្តកំពង់ស្ពឺ ហើយត្រៀមបង្កើតទីលានវាយកូនគោលថ្មីៗថែមទៀតនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ ទន្ទឹមនឹងនេះដែរសហព័ន្ធកីឡាវាយកូនគោលកម្ពុជាកំពុងតែពង្រឹងសមត្ថភាពវាយកូនឲ្យកាន់តែមានឧត្តមភាពខ្ពស់ និងសមិទ្ធផលដ៏រឹងមាំស្របតាមយុទ្ធសាស្ត្រ ៤ឆ្នាំរំកិលរបស់គណកម្មការជាតិអូឡាំពិកកម្ពុជា គឺកម្ពុជាឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់។សម្តេចពិជ័យសេនាទៀ បាញ់សង្ឃឹមថានា ថ្ងៃអនាគតកីឡាវាយកូនគោលកម្ពុជានឹងមានការរីកចម្រើនឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ 2023 ខាងមុខនេះ។

សម្តេចថ្លែងបែបនេះ ក្នុងពិធីប្រគល់ពានរង្វាន់វាយកូនហ្គោលដល់ជ័យលាភីកីឡាវាយកូនគោលអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីនយោបាយឈ្នះ ឈ្នះ និង ខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨។

សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយកមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកថា ការប្រកួតកីឡាវាយកូនគោលនៅពេលនេះ គឺជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងបង្កើនស្មារតីមិត្តភាពសាមគ្គីភាព រវាងអ្នកលេងកីឡាវាយកូនគោលផង និងចូលរួមពិធីសម្ពោធវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួបលើកទី20 នៃការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះផង និងចូលឆ្នាំថ្មីឆ្នាំសាកលឆ្នាំ 2019 ផងដែរ។
សម្លេង៖« ការប្រកួតកីឡាវាយកូនគោលអស់រយៈពេលពេញមួយថ្ងៃនេះ បានប្រព្រឹត្តទៅ យ៉ាងរលូនប្រកបដោយមោទនភាពនិងពោរពេញទៅដោយសេចក្ដីសប្បាយរីករាយ ។ នេះជាព្រឹត្តិការណ៍ថ្មីមួយដែលសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានរៀបចំការប្រកួតជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងបង្កើនស្មារតីមិត្តភាពសាមគ្គីភាពរវាងអ្នកលេងកីឡាវាយកូនគោលផង និងចូលរួមពិធីសម្ពោធវិមានឈ្នះឈ្នះដើម្បីអបអរសាទរខួបលើកទី 20 នៃការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះផង និងចូលឆ្នាំថ្មីឆ្នាំសាកលឆ្នាំ 2019 ផងដែរ»
ឯកឧត្តម ជា បូរ៉ារដ្ឋលេខាធិការក្រសួងទេស្ឋចរណ៍និងជាអគ្គលេខាធិកាសហព័ន្ធកីឡាវាយកូន គោលកម្ពុជា បានថ្លែងថា មានកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចូលរួមជិត២០០នាក់ ក្នុងនោះមានទូត មន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល កីឡាករការិនីកម្រិតអាជីពដែលការប្រកួតនេះពួកគេចូលរួមបង្ហាញនិងគាំទ្រគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមរាំរ៉ៃ ដឹកនាំកម្ពុជារស់ក្រោមដំបូលសុខសន្តិភាព។

សម្លេង៖ «ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ដែលដំណើរការប្រកួតនាពេលនេះ គឺ ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ និង ខួបលើកទី២០នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែលគោលនយោបាយនេះបានធ្វើឧ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយល្អ និងមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ »។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍វាយកូនគោលនេះ បានចែកចេញ ជា៤វិញ្ញាសាគឺ: ១. វិញ្ញាសាប្រកួតក្រុមសម្រាប់កីឡាមិនមែនអាជីពចាប់ពីអាយុ៥០ឆ្នាំឡើងទៅ, ២.វិញ្ញាសាប្រកួតឯកក្តជនកីឡាករមានហានីកាប់, ៣.ប្រកួតឯកត្តជនកីឡាករគ្មានហានីកាប់ , ៤.វិញ្ញាសាប្រកួតឯកត្តជននារី ។ ចំពោះលទ្ធផលវិញ្ញាសាប្រកួតជាក្រុម ចំណាត់ថ្នាក់លេខ១ បានទៅក្រុមសម្តេចពិជ័យសេនាទៀ បាញ់ ដែលមានសម្ដេចពិជ័យសេនាទៀបាញ់ ,ឯកឧត្តមនាយឧត្តមសេនីយ៍ឥតសារ៉ាត់និងឯកឧត្តមឧត្តមសេនីយ៍លី កុសល។ លទ្អផលវិញ្ញាសាឯកត្តជនដែលមានហានីកាប់ ចំណាត់ថ្នាក់លេខ១ បានទៅ លើលោកហេង សុខម៉េង ។ លទ្ធផលលើវិញ្ញាសាឯកត្តជនកីឡាករដែលគ្មានហានីកាប់ ចំណាត់ថ្នាក់លេខ១ បានទៅលោកចេង ហេង។ លទ្ទផលវិញ្ញាសាប្រកួតផ្នែកនារី គឺលេខ 1 បានទៅកីឡាការិនី សាយ ស្រីនី លេខ២ កីឡាការិនីមួងសិលានិងលេខ៣កីឡាការិនីCherry Ly៕