ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋសភានឹងធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅដើមខែមករាឆ្នាំ២០១៩ខាងមុខ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ រដ្ឋសភា នឹងធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅដើមខែមករា ដើម្បីងាយស្រួលគ្រប់គ្រងនិងអភិវឌ្ឍភូមិសាស្រ្តថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធិភាព។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី៣១ខែធ្នូនេះ ឯកឧត្តម ឈាង វុន សមាជិកញណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា បានមានប្រសាសន៏ប្រាប់អ្នកសាព័ត៌មានថា អង្គប្រជុំបានកំណត់យកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១នីតិកាលទី៦ដោយមានរបៀបវារៈ ទី១ ៖ ការពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ទី២ គឺការពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ។
ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីទាំងពីរនេះ ក្នុងន័យជាការកែលម្អឲ្យមានលក្ខណៈកាន់តែប្រសើរឡើងស្រប់តាមសភាពការនយោបាយ និងការរីកចំរើន នៃប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និងឯកឧត្តម ហ៊ុន ណេង ជាតំណាងឲ្យក្រុមតំណាងរាស្រ្តជាហត្ថលេខីបានពន្យល់ប្រាប់អង្គប្រជុំសភាថា ការស្នើវិសោធនកម្មច្បាប់ស្ដីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីវិសោធកម្មច្បាប់ ស្ដីពីការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌនេះ ដើម្បីបំរើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅឆ្នាំ២០១៩ខាងមុខ៕