ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអនទទួលស្គាល់ថា នារីពិតជាមិនអាចខ្វះបានក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ –លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង ៦០០នាក់ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។

លោកជំទាវកត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា សមិទ្ធផលដ៏ធំធេ​ង​ដែលគណបក្ស​ប្រជាជនកម្ពុជាទទួលបានក្នុងរយៈពេ​ល៤០ឆ្នាំ​ម​កនេះ គឺជាជ័យជម្នះរបស់យើងទាំងអស់គា្ន។ ជ័យជម្នះនេះ​ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមចំណែក​របស់បងប្អូននារី ទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បំពេញញការងារប្រកបដោយការទទួលខុសត្រូវ ថែមទាំងបានចំណាយ​ធនធានផ្ទាល់ខ្លួនថែមទៀត ដើម្បីបុព្វហេ​តុប្រទេសជាតិ។

រយៈពេល៤០ឆ្នាំកន្លងមកនេះ ​​កម្ពុជាបានឆ្លងកាត់នូវដំណាក់កាល​ជាប្រវ​ត្តិសាស្រ្តយ៉ាងច្រើន ទាំងដំណាក់កាលដែលប្រកបដោយមោទនភាពផង និងដំ​ណា​ក់កាលប្រកប ដោយភាពលំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុត ប៉ុន្តែទោះបីស្ថិ​តក្នុងកាលៈទេសៈណាក្តី ក៏គណបក្សប្រជាជនកម្ពុជា​នៅតែរក្សាខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរ​​​ជា​មួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជាមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា គណបក្សបានផ្តោតការយកចិត្តទុកដាក់ចំពោះស្ត្រី ​ហើយបាន និង​​​កំ​ពុ​ងបន្តជំរុញ​​ការលើក​​​​កម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់វិស័យ រួម​​​ទាំ​ង​ការបង្កើន​​កាលានុវត្តភាព​ក្នុង​​ការទទួលបាននូវចំណេះដឹង ជំនាញផ្សេង ៗ ដើម្បី​ឱ្យការចូល​រួម​របស់​ស្រ្តីទៅក្នុងវិស័យ​នយោ​បាយ កិច្ចការសង្គម និងសេវាសាធារណៈមានការកើនឡើងជាលំ​ដាប់​​ពីមួយឆ្នាំទៅមួយ​ឆ្នាំ​ ទាំងបរិ​មា​ណ ​​និង​គុណភាព ហើយ​ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់នេះ ស្ត្រីក៏ត្រូវ​ខិត​ខំធ្វើយ៉ាងណាចូលរួមសហកាផ្តួចផ្តើម​គំនិ​ត និង បំពេញភារកិច្ចដែលបក្សប្រគល់ជូនឱ្យបាន​ជោគជ័យតាមការរំពឹងទុក។ ​

  ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា បងប្អូននារីទាំងអស់នឹង​នៅបន្តរក្សា និងពង្រីកនូវស្មារតីស្នេហាជាតិ និងត្រូវចងចាំថា សន្តិភាពគឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើរការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយ​ចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកប ដោយកិត្តិយសរបស់ប្រជាជនយើង។

លោកជំទាវបានផ្សព្វផ្សាយអនុសាសន៍ទាំង ១១ចំណុច ដែលជាលទ្ធផលបានមកពី សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។ ជាពិសេសលោកជំទាវក៏បានសំណូមពរឱ្យបងប្អូនជានារីទាំងអស់មេត្តាយកចិត្តទុក្ខដាក់បំផុតក្នុងការបម្រើសេវាសាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ដោយសួស សំរិត