ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពមួយខ្នងនៅមណ្ឌលសុខភាព​បូរីជលសា

AKP តាកែវ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ –កាលពីព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅមណ្ឌលសុខភាពបូរីជលសា ស្ថិតនៅក្នុងឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ មានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសម្ភពមួយខ្នងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អមដំណើរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា  បានមានប្រសាសន៍ថា កម្ពុជានៅតែជាប្រទេស ដែលកំពុងអភិវឌ្ឍន៍ និងមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ភាពរីកចម្រើននេះកើតចេញពីស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ។ ដោយប្រទេសយើងមានស្ថិរភាពនយោបាយ និងសន្តិសុខពេញផ្ទៃប្រទេស បានធ្វើឱ្យអ្នកវិនិយោគ ទុនជាច្រើនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាយើង ដែលធ្វើឱ្យប្រទេសយើងមានចំណូលកាន់តែខ្ពស់ ហើយប្រជាពលរដ្ឋទទួលបានការងារធ្វើកាន់តែច្រើនផងដែរ ជាពិសេស គឺប្រទេសរបស់យើងកាន់តែមានការអភិវឌ្ឍរីកចម្រើន។

ឯកឧត្តម មាស សុភា មានប្រសាសន៍បន្តទៀតថា ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរនេះ ក៏ចេញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជាពិសេស គឺនយោបាយឈ្នះឈ្នះ របស់សម្តេច ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍប្រទេសជាតិ។ ដោយឈរលើទស្សនវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គ្រោងនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០​ ហើយនៅឆ្នាំ២០៥០ក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ​ការរីកចម្រើន និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងចេះតែកើនឡើងយ៉ាងនេះ គឺជាវឌ្ឍនភាពរបស់យើងទាំងអស់គ្នា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឱ្យមានភាពរីកចម្រើន និងស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។

តាមរបាយការណ៍របស់អភិបាលស្រុកបូរីជលសា បានឱ្យដឹងថា អគារសម្ភពនេះចាប់ ផ្តើមសាងសង់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ សាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ អគារនេះមានទទឹង ១០ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ មានបន្ទប់បម្រើសេវា ៥បន្ទប់ ​និងបន្ទប់ទឹក ២បន្ទប់ ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ៧២.០០០ដុល្លារអាម៉េរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា និង លោកជំទាវ៕

ដោយ ​អ៊ុច សៀង