ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តយូណាន​បំពេញទស្សនកិច្ចនៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ –លោកឧត្តមសេនីយ៍ឯក Han Yu អគ្គស្នងការរង នៃស្នងការនគរបាលខេត្តយូណាន ប្រទេសចិន រួមដំណើរជាមួយសហការី ៦នាក់ បានមកដល់ខេត្តសៀមរាបកាលពីព្រលប់ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាបរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦-២៧ ខែធ្នូឆ្នាំ២០១៨។ គណៈប្រតិភូដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Han Yu ត្រូវបានទទួលបដិសណ្ឋារកិច្ចនៅ ឯព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៃប្រទេសកម្ពុជា។

 

ក្រោយជំនួបទ្វេភាគីក្នុងបន្ទប់ VIP នៃព្រលានយន្តហោះរួចមក លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈ្រតិភូស្នងការនគរបាលខេត្តយូណាន នៅពេលនេះ គឺឆ្លើយតបទៅតាមអញ្ជើញរបស់ស្នងការនគរបាលខេត្តសៀមរាប ដែលបានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅខេត្តយូណាន កាលពីអំឡុងខែតុលាឆ្នាំ២០១៨កន្លង មក។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ក៏ជាស្ពានបង្កើនការរឹតចំណងមិត្តភាពបន្ថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងជាពិសេសរវាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយស្នងការដ្ឋាននគរបាលខេត្តយូណាន លើកិច្ចសហប្រតិបត្តការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការងារសន្តិសុខសង្គម។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានឱ្យដឹងទៀតថា ពាក់ព័ន្ធលើការងារសន្តិសុខនេះដែរ ខាងភាគីចិនបានសំណូមពរឱ្យខាងភាគីកម្ពុជាជួយការពារអ្នកវិនិយោគចិន ដែលកំពវិនិយោគនៅក្នុងខេត្តសៀមរាប ហើយតាមរយៈការបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះអ្នកវិនិយោគចិនមកពីខេត្តយូណាន មកវិនិយោគនៅខេត្តសៀមរាបមាន ១២៥ក្រុមហ៊ុន ដែលក្នុងនោះក៏មានក្រុមហ៊ុនធំៗផងដែរ ដូចជាក្រុមហ៊ុនយន្តហោះ ក្រុមហ៊ុនសណ្ឋាគារ និងក្រុមហ៊ុនធ្វើព្រលានយន្តហោះ នៅខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ថា គណៈប្រតិភូស្នងការនគរបាលខេត្តយូណាន នឹងធ្វើទស្សនកិច្ចក្នុងតំបន់នានានៃប្រាសាទអង្គរ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅរសៀលថ្ងៃដដែលនេះដែរគណៈប្រតិភូនឹងធ្វើដំណើរបន្តទៅធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា៕

ដោយហង្ស សៀក