ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈប្រតិភូខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ –គណៈប្រតិភូអាជ្ញាធរខេត្តសៀមរាបដឹកនាំដោយឯកឧត្តម ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធនិងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពលោកឧត្តមសេនីយ៍ត្រី អ៊ុំ យ៉ាត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៨នេះ

លោកឧត្តមសេនីយ៍ត្រី អ៊ុំ យ៉ាត បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី ក្នុងជន្មាយុ៦៧ឆ្នាំ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយរោគាពាធ។ សពត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន ទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង​ ខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើមក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និងបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋាននៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបអស់រយៈពេល៣៩ឆ្នាំកន្លងមកនេះ ហើយក៏ជាការបាត់បង់ស្វាមី លោកឪពុក ជីតាជាទីស្រឡាញ់របស់ភរិយា និងកូនៗ ព្រមទាំងចៅៗនៃសពផងដែរ។

នៅក្នុងពិធីគោរពវិញ្ញណក្ខន្ធនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក៏បាន ប្រគល់នូវលិខិតរំលែកទុក្ខរបស់ខេត្ត និងបច្ច័យចំនួន២លានរៀល ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី អ៊ុំ យ៉ាត យកទៅប្រើប្រាស់ក្នុងពិធីបុណ្យសពនេះ ៕

ដោយ ហង្ស សៀក