ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវបណ្ឌិត សឿ សុជាតា អំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ចូលរួមអនុវត្តន៍ពាក្យស្លោករបស់ក្រសួងអប់រំ« អ្នកចេះ គឺជាប់ »

AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានអំពាវនាវទៅកាន់សិស្សានុសិស្ស ៨៦៣នាក់នៅវិទ្យាល័យប្រពៃគិរី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងបានក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ឱ្យបង្កើនការសិក្សារបស់ខ្លួន ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ឱ្យបានពូកែ កុំបោះបង់ការសិក្សាឱ្យស្របទៅនឹងកំណែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការពង្រឹងនូវគុណភាពអប់រំ គឺ«អ្នកចេះ គឺជាប់»

ក្នុងឱកាសដែរ លោកជំទាវបណ្ឌិតក៏បានអញ្ជើញជួបសំណេះសំណាល និង ចែកអំណោយរបស់ឯកឧត្តមឧកញ៉ា ទៀង ថៃ លោកជំទាវឧកញ៉ា វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច និងក្រុមគ្រួសារ ដល់សិស្សានុសិស្ស ៨៦៣នាក់ និងលោកគ្រូ អ្នកគ្រូ ១៨នាក់ ។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្តថា សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រនិងត្រូវចាំពាក្យស្លោកថា « អ្នកចេះ គឺជាប់ » ក្នុងន័យនេះសូមក្មួយៗសិស្សានុសិស្ស ត្រូវប្រឹងប្រែងរៀនសូត្រដោយពឹងលើខ្លួនឯងឱ្យអស់ពីសមត្ថភាព សិក្សាគ្រប់មុខវិជ្ជា និងត្រូវចូលរួមក្នុងវគ្គបំប៉នបន្ថែមដែលសាលាបានរៀបចំឱ្យបានជាប់លាប់គ្រប់ៗគ្នា ធ្វើយ៉ាងណាឱ្យគុណភាពអប់រំរបស់យើងកាន់តែទទួលបាននូវការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ។

លោកជំទាវបណ្ឌិតបានបញ្ជាក់ទៀតថា ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំបានធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំជាច្រើន ទាក់ទងនឹងការកែប្រព័ន្ធប្រឡង និងសមត្ថភាពគ្រូបង្រៀនផ្សេងៗ ក្នុងន័យមួយថា នៅពេលណាដែលប្រទេសយើងកំពុងស្ថិតនៅដំណាក់កាលប្រកួតប្រជែង ទាំងរដ្ឋ ទាំងឯកជន ត្រូវតែប្រឹងទាំងអស់គ្នា ។ អ្វីដែលកត់សម្គាល់មួយទៀត រដ្ឋ និងឯកជន បានសហការចាប់ដៃគ្នាប្រកួតប្រជែង ក្នុងន័យគោលដៅរួមគ្នា ធានាឱ្យបានគុណភាពអប់រំល្អនៅថ្ងៃអនាគត ។ សរុបមកវិញវិស័យអប់រំនៅទូទាំងប្រទេសហាក់ដូចជាមានសន្ទុះខ្លាំង ទាំងអ្នកកំពុងបម្រើការងារក្នុងវិស័យអប់រំបច្ចុប្បន្ន ទាំងអ្នកវិនិយោគថ្មីៗ កំពុងប្រឹងប្រែងដើម្បីពង្រឹងគុណភាពផងដែរ ។ ការអប់រំ គឺជាការងារមួយសំខាន់ដែលជំរុញការអភិវឌ្ឍប្រទេសយើង ដរាបណាយើងមានធនធានមនុស្សល្អៗ ។

លោកជំទាវឧកញ៉ា វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច បានមានប្រសាស ន៍ថា បើទោះបីសាលារៀនក្មួយៗនាពេលនេះ នៅឆ្ងាយពិបាកទាំងសិស្ស និង លោកគ្រូ អ្នកគ្រូក៏ដោយ ប៉ុន្តែវាមិនមែនជាឧបសគ្គធំនោះទេ ក្មួយៗត្រូវបន្តព្យាយាមសិក្សាឱ្យទទួលបានជោគជ័យសម្រាប់អនាគតខ្លួនឯង និងសង្គមជាតិ ។

ដើម្បីចូលរួមដោះស្រាយការលំបាករបស់លោកគ្រូ អ្នកគ្រូចំពោះអគាស្នាក់នៅលោកជំទាវបណ្ឌិត សឿ សុជាតា ឯកឧត្តមឧកញ៉ា ទៀង ថៃនិងលោកជំទាវឧកញ៉ា វណ្ណ លុយ ព្រមក្រុមគ្រួសារ បានរៀបចំធ្វើបុណ្យផ្ការួមមួយដើម្បីប្រមូលបច្ច័យកសាងអគារស្នាក់នៅរបស់គ្រូបង្រៀន ដែលក្នុងនោះឯកឧត្តមឧកញ៉ា និង លោកជំទាវឧកញ៉ាបានដាក់ថវិកាចំនួន៥០០០ដុល្លារអាម៉េរិក សម្រាប់ចូលរួមបុណ្យផ្ការស្មីសាមគ្គីនេះ ក្នុងនោះលោក ហៃ មនោរម្យ អភិ    បាលស្រុកជលគិរី បានចូលរួមចំនួន៥០០ដុល្លារអាម៉េរិក និង លោកជំទាវបណ្ឌិត សឿ សុជាតាចំនួន៥០០ដុល្លារអាម៉េរិក ផងដែរ ។

ក្នុងឱកាសនោះឯកឧត្តមឧកញ៉ា ទៀង ថៃ និងលោកជំទាវឧកញ៉ាវណ្ណ លុយ ព្រមទាំងក្រុមគ្រួសារ លោកជំទាវបណ្ឌិត សឿ សុជាតាព្រមទាំងក្រុមការងារ បានចែកអំណោយជា សម្ភារសិក្សា និង ថវិកាដល់សិស្សចំនួន ៨៦៣នាក់ ដែលក្នុងម្នាក់ៗទទួលបាន .០០០រៀល។លោកគ្រូ១៨នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល អាវមួយ និងសម្ភារមួយចំនួនទៀត អាជ្ញាធរ សមត្ថកិច្ចនិងមន្រ្តីមន្ទីរអប់រំ១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងសារុងមួយផងដែរ៕

ដោយ សោម ឫទ្ធី