ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យស្ថានភាពអាជីវករលក់ដូរនៅផ្សារដើមគរ ដើម្បីផ្សព្វផ្សាយពីគម្រោងបញ្ចុះតម្លៃភ្លើង ទឹក

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ –ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាការសាលាក្រុងភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្តែង នៃការលក់ដូរ និងការប្រើប្រាស់ទឹក ភ្លើង របស់អាជីវករ នៅក្នុងផ្សារដើមគរ ក្រោយពីប្រជុំដាក់ផែនការបានមួយថ្ងៃ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាកយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញឱ្យចុះតម្លៃ អគ្គិសនីបន្ថែមនៅត្រឹម៧៤០រៀលក្នុង១គីឡូវ៉ាត ខណៈបច្ចុប្បន្នតម្លៃអគ្គិសនីនៅតាមទីផ្សារ .៣០០ទៅ ១.៥០០រៀល ក្នុង១គីឡូវ៉ាត 

ក្នុងសកម្មភាពនៃការចុះពិនិត្យស្ថានភាពជាក់ស្តែង កាលពីថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យប្រធានគណៈកម្មាការផ្សារដើមគរ ធ្វើរបាយការណ៍ពីចំនួនតូបអាជីវករឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងងាយស្រួលក្នុងការរៀបចំផ្តល់ផ្គង់ជូនពួកគាត់នូវការបញ្ចុះតម្លៃអគ្គិសនី មកនៅត្រឹម ៧៤០រៀល ក្នុង១គីឡូវ៉ាត ។ ក្រោយពីការពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនអាជីវករនៅក្នុងផ្សាររួចមក ឃើញថា តូបអាជីវករមួយចំនួនបានដាក់កុងទ័រឯកជនដែលមានតម្លៃខ្ពស់ ហើយតូបមួយចំនួនទៀត មិនមានបំពាក់កុងទ័រនោះទេ តែត្រូវបានអ្នកផ្គត់ផ្គង់ភ្លើងយកក្នុងមួយគីឡូវ៉ាតតម្លៃ .៣០០រៀល ក្នុងមួយតូប។ 

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធជួយសម្រួល លើការងារនេះឱ្យបានលឿន ដើម្បីឱ្យពួកគាត់បានប្រើប្រាស់នូវការបញ្ចុះតម្លៃអគ្គិសនី បន្ថែម មកនៅត្រឹម៧៤០រៀលក្នុង១គីឡូវ៉ាត ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ចំណែកបងប្អូនអាជីវករ ដែលត្រូវបានអ្នកផ្គត់ផ្គង់ភ្លើងយកក្នុង១គីឡូវ៉ាត តម្លៃ .៣០០រៀល ក្រុមការងារក៏ត្រូវរៀបចំឱ្យមានការបញ្ចុះតម្លៃភ្លើងផងដែរ ពោលគឺពួកគាត់អាចបង់ក្នុង១គីឡូវ៉ាត ត្រឹមតែ ៧៤០រៀល ដោយគិតចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ តទៅ ។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ប្រាប់បងប្អូនអាជីវករថា នេះជាកាដូរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាកយរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មិនថា នៅក្នុងផ្សារនិងនៅតាមផ្ទះនោះទេ គឺសុទ្ធតែទទួលបាននូវការបញ្ចុះតម្លៃអគ្គិសនីបន្ថែមនេះគ្រប់គ្នា។

ក្រៅពីពិនិត្យមើលលើបញ្ហាទឹក ភ្លើងនៅក្នុងផ្សារនោះ បញ្ហាសណ្តាប់ធ្នាប់ អនាម័យ    បរិស្ថាន ក៏ត្រូវរៀបចំឱ្យមាសណ្ដាប់ធ្នាប់ ល្អស្អាតផងដែរ ក្នុងឱកាសនោះឯកឧត្ដមក៏បានណែនាំឱ្យប្រធានគណៈកម្មាការផ្សារដើមគរ អ្នកម៉ៅការបេនឡានផ្សារដើមគរ ត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អត្រូវសម្អាតផ្សារ ប្រមូលសំរាមឱ្យអស់ចៀសវាងនូវការប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគ និងផ្សារឯកជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន ឯឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជា  និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី អភិបាលខណ្ឌទាំង១២ មន្រ្តីជំនាញពាក់ព័ន្ធនិ ងប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការលំបាករបស់អាជីវករ និងប្រជាពលរដ្ឋទៅតាមអនុសាសន៍របស់សម្តេចតេជោ លើការការបញ្ចុះតម្លៃអគ្គិសនីបន្ថែម មកនៅត្រឹម៧៤០រៀល ក្នុង១គីឡូវ៉ាត ។

គួរបញ្ជាក់ផងដែរថា កាលពព្រឹកថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០១៨​ កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងសម្ដេចបានប្រកាសថា តម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃមន្ថែមទៀត ដើម្បី  ឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ធូស្រាលមួយកម្រិតទៀត៕ 

ដោយសួស សំរិត