ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តឧត្តរមានជ័យ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ២៤០ អនក្រ.បក សេចក្តីណែនាំលេខ៧៨៨ មស.សណន សេចក្តីណែនាំលេខ៧៨៩ មស.សណន និងលិខិតបទដ្ឋានគិតិយុត្តពាក់ពន្ធ័ជូនមន្ត្រីរាជការស៊ីវិល

AKP ឧត្តរមានជ័យ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ –ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ២៤០ អនក្រ.បក សេចក្តីណែនាំលេខ៧៨៨ មស.សណន សេចក្តីណែនាំលេខ៧៨៩ មស.សណន និងលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធជូនមន្ត្រីរាជការស៊ីវិល

សិក្ខាសាលនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលអភិបាលរងក្រុង-ស្រុកទាំង៥ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និង មេឃុំ-ចៅសង្កាត់ទូទាំងខេត្តសរុបប្រមាណ២៤០នាក់ ។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា អង្គសិក្ខាសាលាថ្ងៃនេះគឺ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអនុវត្តការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់ជាសកម្មភាពដែលត្រូវបន្តអនុវត្តន៍មិនដាច់ ហើយរត់ប្រណាំងជាមួយពេលវេលា និងការវិវត្តជាប្រចាំ នៃសង្គមជាតិ ។ វាជាផែនទីបង្ហាញផ្លូវរយៈពេលវែងរបស់រាជរដ្ឋាភិបាលដែលបានសម្រេចដាក់ចេញនូវគោលនយោបាយស្តីពីការងារគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តមអភិបាលខេត្តបន្តថា រាជដ្ឋាភិបាលកម្ពុជា ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ គ្រប់ផ្នែកនិងត្រូវបានដាក់ចេញដើម្បីលើកស្ទួយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុត្តិធម៌សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព ព្រមទាំងការលើកកម្ពស់គុណភាពសេវាសាធារណៈ

ឯកឧត្តម ថោ សេដ្ឋាណា បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈគឺជាកំណែទម្រង់ទិភាពជាស្នូលដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាព នៃរដ្ឋបាលសាធារណៈក្នុងបរិបទនៃការប្រណាំងប្រជែង និងការវិវត្តឥតឈប់ឈរនៃស្ថានភាពសេដ្ឋកិច្ច សង្គម នយោបាយ និងបច្ចេកវិទ្យាទាំងនៅផ្ទៃក្នុងជាតិ ទាំងអន្តរជាតិ ។រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ  មន្រ្តីរាជការដ្ឋបាលសាធារណៈ និងសេវាសាធារណៈមានភាពផ្សាភ្ជាប់គ្នាមិនដាច់ និងមានឥទ្ធិពលដោយផ្ទាល់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថិរភាព ចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

ឯកឧត្តមរដ្ឋលេខាធិការបានផ្ដាំផ្ញើដលសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានបទបង្ហាញ និងចូលរួមមតិយោបល់ដោយលើកជាសំណួរពាក់ព័ន្ធ និងទទួលយកនូវការផ្ទេរពុទ្ធិពីក្រុមគ្រូឧទ្ទេសនាមឱ្យបានច្រើន ដើម្បីទទួលបាននូវពុទ្ធិល្អៗបន្ថែមទៀត ទៅធ្វើការអនុវត្តភារកិច្ចគ្រប់គ្រងដឹកនាំ និងកិច្ចការងាររដ្ឋបាលនៅក្នុងអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព ប្រព្រឹត្តទៅតាមច្បាប់ គោលការណ៍នៃបទដ្ឋានគតិយុត្តដែលបានកំណត់ និងការទទួលខុសត្រូវខ្ពស់

សូមបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល១ថ្ងៃដោយមានការឡើងធ្វើបទបង្ហាញផងដែរ​ ៕ 

ដោយ ទិត ស្រ៊