ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកជំនាញការស្ម័គ្រចិត្តជាន់ខ្ពស់ជប៉ុនជួបសម្តែងការគួរសមនិងជម្រាបលាអភិបាលខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ –លោក Akio Miyamoto អ្នកជំនាញការស្ម័គ្រចិត្តជាន់ខ្ពស់ជប៉ុន របស់អង្គការ (JICA)ដែលមានជំនាញផ្នែកការងារកែលម្អស្ថាបនាប្រព័ន្ធលូទឹកសំណល់ និងស្ថានីយចម្រោះទឹកកខ្វក់ នៅក្នុងខេត្តសៀមរាប បានចូលជួបសម្ដែងការគួរសម និងជម្រាបលា ឯឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបន្ទាប់ពីលោកត្រូវបានបញ្ចប់អាណត្តិការងាររបស់ខ្លួន កាលពីថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប។

 លោក Akio Miyamoto ជាអ្នកជំនាញការស្ម័គ្រចិត្តជាន់ខ្ពស់ជប៉ុននៃអង្គការ JICA ដែលបានចូលមកបម្រើការងារនៅការិយាល័យលូទឹកសំណល់ និងស្ថានីយចម្រោះទឹកកខ្វក់នៅឆ្នាំ២០១៧ ដើមី្បជួយផ្តល់នូវបទពិសោធន៍ថែទាំក្នុងការងារគ្រប់គ្រងប្រព័ន្ធលូទឹកសំណល់ និង ប្រព័ន្ធចម្រោះទឹកកខ្វក់។ លោក Akio Miyamoto បានជម្រាបជូនឯឧត្តមអភិបាលខេត្តថា ការងាររបស់លោកបានផ្តោតសំខាន់លើការងារបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្ត្រីការិយាល័យលូទឹកសំណល់ លើការគ្រប់គ្រងប្រព័ន្ធលូទឹកសំណល់ ស្ថានីយចម្រោះទឹកកខ្វក់ ក្នុងសមត្ថភាពពេញលេញមុនគេនៅកម្ពុជា។

 លោក Akio Miyamoto បានឱ្យដឹងទៀតថា ខេត្តសៀមរាបមានការអភិវឌ្ឍ្រព័ន្ធលូទឹកកខ្វក់រយៈពេល១០ឆ្នាំមកហើយ ហើយការបណ្តុះបណ្តាលមន្ត្រីលើប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់របស់ខេត្តសៀមរាប នឹងដើរតួក្នុងការពន្លឿនរាល់គម្រោងលូទឹកកខ្វក់ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ លោក Akio Miyamoto បានសំណូមសូមឱ្យអាជ្ញាធរខេត្ត ធ្វើការស្តារឡើងវិញនូវប្រព័ន្ធលូបង្ហូរទឹកកខ្វក់ដែលខូចខាតកន្លងមក ដើមី្បឱ្យប្រព័ន្ធលូទាំងអស់ ត្រូវបានកែលម្អឱ្យបានឆាប់ ក្នុងការធានាការប្រើប្រាស់ចំពោះមុខ ដោយខេត្តសៀមរាបជាមណ្ឌលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរ។ ចំពោះទឹកដែលស្ថានីយបូមបញ្ជូនទៅកាន់ស្ថានីយចម្រោះសម្អាតទឹកក្នុង១ថ្ងៃប្រមាណជាង ៧០០ម៉ែត្រគុប ហើយក្នុងអាងអាចមានសមត្ថភាពចម្រោះរហូតដល់ ៨ពាន់ម៉ែត្រគុ ក្នុងមួយថ្ងៃ។

 ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានសម្តែងនូវការសោកស្តាយ ដោយលោក Akio Miyamoto ជាអ្នកជំនាញការស្ម័គ្រចិត្តជាន់ខ្ពស់ជប៉ុន (JICA) បានបញ្ចប់ភារកិច្ចរបស់ខ្លួន ដោយឯកឧត្តមទើបបានចូលមកទទួលជាអភិបាលខេត្ត ហើមិនទាន់បានចូលរួមធ្វើការងារជាមួយលោក ឯកឧត្ត ក៏បានថ្លែងការកោតសរសើរចំពោះការងាររបស់លោក Akio Miyamoto ដែលបានជួយបណ្តុះបណ្តាលនិងចែករំលែកនូវបទពិសោធន៍ដល់មន្ត្រីការិយា    ល័យលូទឹកសំណល់និងស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប លើការគ្រប់គ្រងប្រព័ន្ធលូទឹកសំណល់ ស្ថានីយចម្រោះទឹកកខ្វក់។

 ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងនូវចំណោទបញ្ហាមួយចំនួនផងដែរ អំពីបញ្ហាប្រព័ន្ធលូ​មេបង្ហូរទឹកកខ្វក់ក្នុងក្រុងសៀមរាប ដោយពីមួយថ្ងៃទៅមួយថ្ងៃកំណើននៃភ្ញៀវទេស ចរចូលមកខេត្តសៀមរាបមានការកើនឡើង ដោយខេត្តប្រវត្តិសាស្ត្រមួយនេះ បាននិងកំពុងមានឈ្មោះល្បីល្បាញ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងវិនិយោគជាដើម។

ឯកឧត្តមអភិបាលខេត្តសៀមរាប បានបន្តទៀតថា ការបញ្ចប់ភារកិច្ចរបស់លោក Akio Miyamoto នៅពេលនេះ អាជ្ញាធរខេត្តក៏នៅតែបន្តរួមសហការជាមួយអ្នកដែលមកថ្មីជំនួសលោក ដើមី្បធ្វើឱ្យការងារគ្រប់គ្រងប្រព័ន្ធលូទឹកសំណល់  ស្ថានីយចម្រោះទឹកកខ្វក់នៅខេត្តសៀមរាប ឱ្យដំណើរការទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ន ប្រែក្លាយក្រុងប្រវត្តិសាស្ត្រសៀមរាប ជាក្រុងប្រកបដោយបរិស្ថានល្អ គ្របដណ្តប់ទៅដោយប្រព័ន្ធអេកូទេសចរណ៍បៃតង

ដោយហង្ស សៀក