ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី សូត្រមន្ដ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ

AKP ក្រចេះ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ —
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិក រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី និងសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា នៅបរិវេណវិមានអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ការរៀបចំពិធីនេះឡើងគឺដើម្បីចូលរួមអបអរសាទរខួប៤០ឆ្នាំថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានាថ្ងៃទី០២ធ្នូ ឆ្នាំ១៩៧៨ និងការតស៊ូផ្តួលរំលំ របបប្រល័យពូជសាសន៍ខ្មែរក្រហម។ ពិធីនេះ មានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកជំទាវ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស៊ីម កា អនុប្រធានទី១ ព្រឹទ្ធសភា លោកជំទាវ ឃួនសុដារី អនុប្រធានទី២ រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានី ខេត្ដជាច្រើនរូបទៀត។

បន្ទាប់ពីពិធីក្រុងពាលី និងសូត្រមន្តរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធររាជធានី ខេត្ត បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ បុព្វការីជន វីរបុរស ស្នេហាជាតិ និងប្រជាពលរដ្ឋដែលបានពលីជីវិត ដើម្បីរំដោះប្រទេសជាតិ។

សូមរម្លឹកថា ការប្រារព្ធពិធីមិទ្ទីញខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលជាមូលដ្ឋានដំបូងនៃការប្រកាសជាឱឡារិកចំពោះជាតិ-អន្តរជាតិ អំពីការប្រមូលផ្តុំកម្លាំង និងការចូលរួមពីគ្រប់កម្លាំងនៃចលនាតស៊ូ ដើម្បីបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាថ្ងៃចាប់បដិសន្ធិនៃកម្លាំងស្នេហាជាតិទូទាំងប្រទេសសម្រាប់ការធ្វើមហាចលនាតស៊ូ ក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត៕

អត្ថបទ៖ អ៊ុន រិទ្ធី
រូបថត៖ ខឹម សុវណ្ណារ៉ា – ឯល វឌ្ឍនៈ