ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីការបរទេស នៃប្រទេសនេប៉ាល់

AKP នេប៉ាល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធ ប្រជាធិបតេយ្យនេប៉ាល់ នារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Pradeep Kumar Gyawali រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេប៉ាល់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រទេសនេប៉ាល់ បានសម្តែងនូវការរីករាយពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានបញ្ជាក់ថាប្រទេសយើងទាំងពីរជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយជួបបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា។ ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតនាពេលកន្លងមកនេះ ហើយបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសនេប៉ាល់ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលយកការអញ្ជើញក្នុងជំនួបនៅទីក្រុងញូវយ៉ក ជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ ដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់នាពេលនេះ។ ឯកឧត្តមក៏បានរៀបរាប់ពីដំណើរការបោះឆ្នោត និងការកសាងប្រទេសនេប៉ាល់នេះ ហើយឯកឧត្តម ក៏បានកោតសរសើរផងដែរ ចំពោះប្រទេសកម្ពុជា ដែលបានកសាងប្រទេសឡើងវិញ ដោយឆ្លងកាត់ឧបសគ្គជាច្រើន។ ឯកឧត្តម Pradeep Kumar Gyawali ក៏ បានអបអរសាទរផងដែរចំពោះគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសឲ្យមានការជឿនលឿន ហើយប្រទេសនេប៉ាល់ នឹងខិតខំពិនិត្យមើលវិស័យផ្សេងៗទៀត ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម ដែលប្រទេសយើងទាំងពីរមានសក្តានុពលច្រើន ដែលអាចធ្វើបាន។

ឯកឧត្ដមបានបញ្ជាក់ទៀតថា នៅឆ្នាំក្រោយប្រទេសនេប៉ាល់ នឹងបើកព្រលានយន្តហោះថ្មីមួយ ហើយអាចធ្វើការហោះហើរត្រង់មកកាន់កម្ពុជា ដែលពេលនោះប្រជាជននេប៉ាល់អាចធ្វើដំណើរទស្សនកិច្ច ប្រាសាទអង្គរវត្ត ហើយពលរដ្ឋកម្ពុជាក៏ អាចធ្វើដំណើរទស្សនាកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រផងដែរ។ ទន្ទឹមនិងនេះដែរ កម្ពុជា-នេប៉ាល់ នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាច្រើនតាមដែលអាចធ្វើបានមានដូចជា វិស័យវប្បធម៌ សាសនា ជំនឿ និងសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨ នឹងបានផ្លាស់ប្តូរទស្សនៈគ្នាដោះស្រាយបញ្ហាប្រឈមនានា មានដូចជា ការប្រែប្រួលអាកាសធាតុ ភេរវកម្ម អំពើហិង្សា។ល។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ហើយបានបញ្ជាក់ថា នេះគឺជាលើកដំបូងដែលថ្នាក់ដឹកនាំកំពូលកម្ពុជាបានមកបំពេញទស្សនកិច្ចលើកទី១ ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសនេប៉ាល់ ក្រោយដែលយើងបានបង្កើតទំនាក់ទំនងការទូតមក ហើយសង្ឃឹមថា ទស្សនកិច្ចនេះនឹងពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលប្រទេសនេប៉ាល់បានសម្រេចក្នុងការបង្រួបបង្រួមជាតិ។

សម្តេចបានបន្តថា កម្ពុជាបានឆ្លងកាត់នូវបទពិសោធន៍ជាច្រើនពីប្រទេស ដែលមានការបែកបាក់ហែកហួរគ្នា មកជាប្រទេសដែលរួមគ្នាជាធ្លុងមួយ ពីប្រទេសមានបក្ខពួកច្រើន មានការបែងចែកទឹកដី ប្រយុទ្ធគ្នាឯងនៅលើទឹកដីរបស់ខ្លួន ប៉ុន្តែឥឡូវនេះបានបង្រួបបង្រួមជាតិឲ្យទៅជាប្រទេសមួយ មានរដ្ឋធម្មនុញ្ញមួយ មានកងទ័ពមួយ ហើយកំពុងជំរុញការអភិវឌ្ឍប្រទេស។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយកំពុងប្រែក្លាយពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្តេចតេជោ បានបន្តថា ប្រទេសយើងទាំងពីរមានបទពិសោធន៍ និងបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទោះបីជាមានស្ថានភាពខុសគ្នា។ សម្តេចថ្លែងថា ពីកម្ពុជាមកនេប៉ាល់ ពីនេប៉ាល់ទៅកម្ពុជាមិនឆ្ងាយទេ ដូច្នេះ គួរតែពង្រីកនូវកិច្ចសហប្រតិបត្តិការទៅលើអ្វីដែលជាសក្តានុពលប្រទេសទាំងពីរមាន។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ដោយសារនេប៉ាល់ មានឯកអគ្គរដ្ឋទូតនៅប្រទេសវៀតណាម ហើយថ្វាយសារតាំងនៅរាជធានីភ្នំពេញ ដូច្នេះសម្តេចមានបំណងបញ្ជូនឯកអគ្គរដ្ឋទូតកម្ពុជា ដែលមាននិវេសនដ្ឋាននៅញូវដេលី ប្រទេសឥណ្ឌា មកកាន់នេប៉ាល់ផងដែរ ហើយនៅពេលមានហិរញ្ញវត្ថុគ្រប់គ្រាន់ នឹងបើកស្ថានទូតនៅនេប៉ាល់តែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរប្រទេសនេប៉ាល់ ដែលបានរៀបចំឲ្យមានកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨នេះ។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចនឹងចូលរួមវិភាគទានដើម្បីជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។

ដោយ ជឹម ណារី