ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំយុវជន២០០នាក់ ចូលរូមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូត កម្ពុជា-ចិន នៅទីក្រុងប៉េកាំង

AKP ប៉េកាំង ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ —

យុវជនបន្តវេនកម្ពុជាប្រមាណ២០០នាក់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ក្នុងឱកាសនៃជំនួបមិត្តភាពយុវជនកម្ពុជា-ចិន នៅទីក្រុងប៉េកាំង នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានរំលឹកដល់ ការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងប្រទេសទាំងពីរកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដោយអតីតព្រះមហាវីរក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ ជាមួយឯកឧត្តម ប្រធានាធិបតីចិន ម៉ៅ សេទុង និងឯកឧត្តមអតីតនាយករដ្ឋមន្ត្រី ជូ អេនឡាយ។

ឯកឧត្តម បានបន្តថាទំនាក់ទំនងការទូតកម្ពុជា-ចិន ត្រូវបានរក្សាយ៉ាងខ្ជាប់ខ្ជួនមកដល់សព្វថ្ងៃដោយសារមានការយកចិត្តខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជំនាន់។ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិនត្រូវបានពង្រឹង និងពង្រីកដែលមានលក្ខណៈស៊ីជម្រៅទៅជា «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្រោមម្លប់នៃព្រះប្រមុខរដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ទំនាក់ទំនងប្រទេសទាំងពីរមានភាពល្អប្រសើរឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ និងត្រូវបានចាត់ទុកដោយប្រមុខថ្នាក់ដឹកនាំប្រទេសទាំងពីរជាចំណងមិត្តភាពយូរអង្វែង «មិត្តភាពដែកថែប» ក្នុងចក្ខុវិស័យអភិវឌ្ឍប្រទេសទាំងពីរលើគ្រប់វិស័យ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានមានប្រសាសន៍ផងដែរថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយត្រូវសិក្សាស្វែងយល់បន្ថែមបន្តពីជំនាន់មុន និងបន្តការទំនាក់ទំនងគ្នាទៅវិញទៅមកដោយភាពស្មោះត្រង់ អោយតម្លៃគ្នាដោយភាពស្មោះស្ម័គ្រ។ «មនុស្សទោះបីមានក្រយ៉ាងណា គប្បីរាប់អានគ្នា និង គោរពគ្នាទៅវិញទៅមកដោយភក្តីភាពជាមួយអ្នកដែលមានចរិត និងចេតនាល្អ។ ការទាក់ទងរវាងប្រទេស និងប្រទេសក៏ដូចច្នោះដែរ។»

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គណៈប្រតិភូ ស.ស.យ.ក. បានចូលរួមកម្មវិធីជាច្រើនក្នុងការផ្លាស់ប្តូរវប្បធម៌យុវជនអាស៊ាន វគ្គបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងអាស៊ាន និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតផងដែរ។ ដោយឡែកសហព័ន្ធយុវជនទូទាំងប្រទេសចិនក៏ក៏តែងតែឆ្លើយតបជាវិជ្ជមាន និងតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗដែលរៀបចំឡើងដោយ ស.ស.យ.ក. រួមមាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កិច្ចប្រជុំក្រុមប្រឹក្សាយុវជនអាស៊ី ក៏ដូចជាកម្មវិធីមហោស្រពអប់រំ និងវប្បធម៌អន្តរជាតិ (IYECF 2018) និងទស្សនកិច្ចផ្លូវការលើកទីមួយរបស់ឯកឧត្តមប្រធានសហព័ន្ធយុវជនទូទាំងប្រទេសចិនមកកាន់កម្ពុជាផងដែរ៕

អត្ថបទ៖ ថាច់ ផាណារ៉ុង
រូបថត៖ ស.ស.យ.ក