ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ រួមគ្នាលើកទិសដៅថ្មីដើម្បីសម្រេចគោលដៅសុវត្ថិភាពចរាចរណ៍

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយលោកវ៉ាង ភក្តី

ភ្នំពេញ: រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន នឹងរួមគ្នាលើកទិសដៅថ្មីដើម្បីសម្រេចគោលដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅទាបជាងពេលបច្ចុប្បន្ន។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូខាងមុខនេះ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានរៀបចំសន្និសីទថ្នាក់ជាតិប្រចាំឆ្នាំ ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍និងការពិភាក្សា អំពីយុទ្ធសាស្ត្រនិងសកម្មភាពជាក់ស្តែង ដែលអាចពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់កម្ពុជា ពិសេសគាំទ្រដល់ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិឆ្នាំ២០១១-២០២០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៧ ខែធ្នូនេះ លោកជំទាវ បានលើកទឹកចិត្ត និងអំពាវនាវដល់អ្នកបង្កើតគោលនយោបាយ អ្នកពាក់ព័ន្ធផ្នែកសុវត្ថិភាពចរាចរណ៍ អ្នកតស៊ូមតិផ្នែកឯកជន ប្រព័ន្ធផ្សព្វផ្សាយ វិចិត្រករ អង្គការក្រៅរដ្ឋាភិបាល បណ្តាញអាជីវកម្ម និងយុវជន ចូលរួមក្នុង សន្និសីទប្រចាំឆ្នាំខាងមុខនេះ ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យមានភាពប្រសើរ ជាងបច្ចុប្បន្ន។ លោកជំទាវ បានបន្តថា រាជរដ្ឋាភិបាល និងអង្គការដៃគូ តែងតែបង្កើតគម្រោងសុវត្ថិភាពចរាចរណ៍នានា ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាពីការស្លាប់ និងរងរបួសធ្ងន់ធ្ងរ។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា សន្និសីទនេះ នឹងពិនិត្យលើការអនុវត្តច្បាប់ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ក្នុងចំណោមការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះជនប្រព្រឹត្តបទល្មើសផ្សេងទៀត។
គួរកត់សម្គាល់ថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានក្លាយជាប្រធានបទមួយដែលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានការព្រួយបារម្មណ៍ចំពោះសុវត្ថិភាពពេលធ្វើដំណើរ។ គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកនូវសោកនាដកម្ម និងផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ច និងសង្គម និងបញ្ហាប្រឈមគួរឱ្យព្រួយបារម្មណ៍។
យោងតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្ហាញថា ជារៀងរាល់ឆ្នាំអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត២.០០០នាក់ និងរបួសធ្ងន់រហូតដល់ជិត៥.០០០នាក់។ គ្រោះថ្នាក់ចរាចរណ៍ ច្រើនបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងពេលស្រវឹង ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាដើម៕