ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្ដក្រចេះ ប្រារព្ធទិវាអន្តរជាតិ និងទិវាជាតិប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០១៨

AKP ក្រចេះ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្ដក្រចេះ បានប្រារព្ធទិវាអន្តរជាតិ និងទិវាជាតិ​ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ និងផ្សព្វផ្សាយច្បាប់ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ​ពុក រលួយ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ឹម ចាន់ថុល ឧបការីនៃអង្គភាពប្រឆាំងអំពើ​ពុករលួយ នៅសាលមហោស្រពខេត្តក្រចេះ កាលពីព្រឹកថ្ងៃ សុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

ឯកឧត្តម អ៊ឹម ចាន់ថុល បានមានប្រសាសន៍ថា ការងារប្រយុទ្ឋប្រឆាំងអំពើពុករលួយគឺ​ស្ថិតនៅក្នុងកន្សោមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិ បាលសម្រាប់អាណត្តិទី៦នេះក៏ដូច ជាអាណត្តិមុនៗកន្លងមកដែរ ទាក់ទងនឹងអភិបាលកិច្ចល្អ និងដើម្បីបន្តពង្រឹងការធ្វើកំណែ ទម្រង់អភិបាលកិច្ច។

ឯកឧត្តមបានបញ្ជាក់ថា ការពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង អំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ថ្ងៃនេះពិតជាមានអត្ថន័យធំធេងក្នុងការគាំទ្រគោលនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយដែលជាបញ្ហា និងជាឧបសគ្គរារាំង ហើយក៏ជា សត្រូវចំពោះការងារអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមបានបន្ដថា អង្គភាពប្រឆាំងអំពើពុក រលួយបានក្រើនរម្លឹកដល់មន្រ្តីរាជការទាំងអស់សូមកុំប្រព្រឹត្តអំពើពុករលួយដោយចៀសឱ្យ ឆ្ងាយ ហើយបែរមកខិតខំធ្វើការងារ បម្រើសង្គម និងប្រជាពលរដ្ឋដើម្បីឱ្យប្រទេស ជាតិមាន ការអភិវឌ្ឍទៅជាលំដាប់។

ឯកឧត្ដមឧបការីក៏បានបង្ហាញពីខ្លឹមសារ និងសារៈសំខាន់នៃ​ការ​ប្រារព្ធទិវាអន្តជាតិ និងទិវាជាតិប្រយុទ្ឋប្រឆាំងនឹងអំពើពុករលួយ ព្រមទាំងគោលបំណង នៃ បង្កើតឱ្យ​មានអង្គភាពប្រយុទ្ធប្រឆាំងអំពើពុលរលួយឡើងដើម្បីចូលរួមចំណែកទប់ស្កាត់ ប្រឆាំង នៃការកើតមានអំពើពុករលួយនៅកម្ពុជា៕

ដោយ  ជួន សុជាតិ