ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម  យូ ឡាណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិ អ្នកស្ម័គ្រចិត្តកាកបាទក្រហម ៥ធ្នូ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨  — ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជាបានអញ្ជើញជាអធិ បតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តកាកបាទក្រហម ៥ធ្នូ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨។  ពិធីប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តកាកបាទក្រហម ៥ធ្នូ នៅខេត្តក្រចេះ ឆ្នាំ២០១៨នេះ គឺក្រោមប្រធានបទ ” អ្នកស្ម័គ្រចិត្ត ដើម្បីសហគមន៍យើង ” និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ធុន គ្រី ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត លោក លោក ស្រី សមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជា ក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា ក្រុង ស្រុក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមប្រមាណ ជាង ១៧០នាក់។

ឯកឧត្ដម យូ ឡាណា  អគ្គ លេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានរម្លឹកឡើងវិញពីបេសកកម្មមនុស្សធម៌ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានវត្តមានលើពិភពផៃនដីយើងនេះអស់រយៈ កាលជាង១៥៩ឆ្នាំមកហើយ គឺគិតតាំងពីលោក ហង់រី ឌុយណង់ ជនជាតិស្វ៊ីស ដែលជាអ្នកស្ម័គ្រចិត្តដំបូងគេបង្អស់ និងជាស្ថាបនិកនៃស្ថាប័នមនុស្សធម៌អន្តរជាតិ បានផ្ដល់ការជួយសង្គ្រោះបន្ទាន់ដល់ ទាហានរបួសក្នុងសមរភូមិ  សុលហ្វីរីណូ ភាគខាងជើងនៃប្រទេសអ៊ីតាលីកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៥៩មក។ឯកឧត្ដមក៏បានឱ្យដឹងដែរថា ការរៀបចំប្រារព្ធទិវាអន្តរជាតិ អ្នកស្ម័គ្រចិត្តកាកបាទក្រហម ៥ធ្នូនេះ ក៏ក្នុងគោលបំណងលើកទឹកចិត្ត និងការកោតសរសើរចំពោះ បង ប្អូនអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា ដែលបានខិតខំបំពេញការងាររយៈពេលកន្លងមក វាស្របទៅនឹងទិសស្លោកដែលលើក ឡើងថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សមាគមជាតិ និងទិសស្លោកមួយ ទៀតបានលើកឡើងថា យុវជនកាកបាទក្រហមកម្ពុជា ជាភ្នាក់ងារនៃការ ផ្លាស់ប្ដូរឥរិយាបថក្នុងសង្គម៕  ដោយ ជួន សុជាតិ