ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៧០០គ្រួសារ នៅស្រុកបន្ទាយអំពិល

AKP ឧត្តរមានជ័យ ថ្ងៃទី0៧ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត បាននាំអំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៧០០គ្រួសារ ស្រុកបន្ទាយអំពិល នាព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨។

លោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឧត្តរមានជ័យបានលើកឡើងថា ដោយសារឆ្នាំ២០១៨នេះនៅខេត្តឧត្តរមានជ័យ បានទទួលរងនូវគ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់បានបង្កឱ្យប្រជាពលរដ្ឋយើងភាគច្រើន ដែលប្រកបរបរកសិកម្មមិនទទួលបានផលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គន់ជីវភាពគ្រួសារ ធ្វើឱ្យគ្រួសារ ខ្វះខាតដាច់ស្បៀង ហើយគ្រួសារខ្លះត្រូវបង្ខំចិត្តធ្វើចំណាក់ស្រុកទៅក្រៅប្រទេស ស្វែងរកការ ងារធ្វើដើម្បីដោះស្រាយជីវភាព។

លោកបន្តថា  ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយអំពិល ដែល ទទួលរងប៉ះពាល់ច្រើនជាងគេ ដូចនេះមន្ទីរបានរួមសហការគ្នាជាមួយ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានគិតគូរ និងដោះស្រាយជាអំណោយជូនគ្រួសារពួកគាត់ដែលដាច់ស្បៀងចំនួន៧០០គ្រួសារ ដែលមកពីឃុំចំនួន៤គឺ ឃុំគោកមនចំនួន១០០គ្រួសារ  ឃុំគោកខ្ពស់ចំនួន១០០គ្រួសារ ឃុំអំពិលចំនួន៤០០គ្រួសារ និង ឃុំបេងចំនួន១០០គ្រួសារ ហើយអំណោយដែលបងប្អូន ទទួលបានក្នុង១គ្រួសារៗមាន៖ អង្ករ ២៥គីឡូក្រាម  មី១កេស  ក្រមា១  សារុង១  មុង១  និងប៊ីចេង ១គីឡូក្រាម ។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថ្លែងអំណរគុណដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ធ្វើការងារបានទាន់ពេលវេលា ដោយមិន ទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងជាដាច់ខាត។

ឯកឧត្តមបន្តថា សម្តេចទាំងពីរតែងតែផ្តាំផ្ញើសាកសួរសុខទុក្ខបងប្អូនជានិច្ច ហើយអំណោយទាំងនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាល ថ្វីត្បិតតែយើងមិនអាច រស់មួយជីវិត ប៉ុន្តែជាការដោះស្រាយមួយគ្រាៗនៅពេលដែលយើងជួបនូវការលំបាក ដូច្នេះសូមបងប្អូន ថែរក្សាសុខភាពផង ដោយហូបស្អាត ទឹកស្អាត អនាម័យល្អ ពេលគេងត្រូវដាក់មុងនិងត្រូវចេះជួយយកអាសារគ្នាទៅវិញទៅមកពីព្រោះយើងជាខ្មែរដូចគ្នា ៕

ដោយ ទិត ស្រ៊