ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកសារសំខាន់ៗចំនួន ៦ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេល​ជាង២ម៉ោង​ប្រកបដោយ​លទ្ធ​ផ​ល​​ដ៏ត្រចះ​ត្រចង់នៅឯទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង​ដំណើរ​ទ​ស្ស​​ន​កិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនោះ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ឯសារសំខាន់ៗចំនួន៦ ត្រូវបានចុះហត្ថលេខា ដោយមាន​ការ​អញ្ជើញ​ជាសា​ក្សី​ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​ក​ម្ពុ​ជា និងឯកឧត្ដម ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម​និយមវៀត​ណា​ម។ នេះបើយោងតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា។


ឯកសារសំខាន់ៗទាំងនោះរួមមាន៖ ទី១- អនុ​ស្សរណៈ នៃការយោគយល់គ្នា ស្តីពី​យុទ្ធ​ស​ហ​ប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។ ទី២- វិសោ​ធ​​ន​កម្មពិធីសា(ឆ្នាំ២០០៥) សម្រាប់​ការ​អនុ​វត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាម ផ្លូវគោក(ឆ្នាំ​​១៩៩៨)។ ទី៣- វិសោធនកម្ម កិច្ចព្រមព្រៀង​ស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩)។ ទី៤- កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មតាមព្រំដែនកម្ពុជា- វៀត​ណាម។​ ទី៥- កិច្ចសម្របសម្រួល ជំរុញពាណិ​ជក​ម្ម​ទ្វេ​ភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើ ពន្ធបន្ទាត់​ពន្ធគយ​ឱ្យ​​គ្នាទៅវិញទៅមក និងទី៦-កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ការជួញដូរ ការជីកកកាយដោយ​ខុ​ស​ច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា-វៀត​ណា​ម​​។


ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់​ទី​ក្រុងណា​ណូ​យ សា ធា​រណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី០៦ ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ គឺឆ្លើយ​តប​តាម​ការ​អញ្ជើញពីសមភាគីនាយក​រដ្ឋ មន្រ្តីវៀតណាម ឯកឧត្តម​ ង្វៀន សួនហ៊្វុក បន្ទាប់ពី​ស​ម្តេ​ច​តេ​ជោ​នាយករដ្ឋមន្រ្តី ត្រូវ​បាន​ជ្រើស តាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តង​ទៀត ក្នុងរដ្ឋសភានី​តិ​កា​ល​ទី៦ កាលពីដើមខែកញ្ញា​ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យ​ជម្នះ ​ភ្លូ​កទឹកភ្លូកដី ពីការបោះឆ្នោត​សកល ជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ កាល​ពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។ ប្រទេស​ទាំង​ពីរ​កម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូត​ជាមួ​យ​គ្នា​ នៅថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ១៩៦៧ តែ ត្រូវបាន​កាត់​ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបាន​ភ្ជាប់​ទំ​នាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩​។ វៀត​ណាមនិងកម្ពុជា គឺជាប្រទេសដែ​ល​មា​ន​ភូមិ​ផងរបងជាមួយគ្នា មានព្រំ​ប្រទល់រួមគ្នា​ប្រវែង​ប្រ​មាណ​ជាង ១ពាន់២៧០គីឡូម៉ែត្រ។ ដំ​ណើ​រ​បំពេញទស្សនកិច្ចផ្លូវការ របស់សម្តេច​តេជោ​ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា​ ទៅកាន់​ប្រ​ទេសវៀតណាមនា​ពេលនេះ គឺ​ដើម្បី​ពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង​ពីរ​កម្ពុ​ជា-វៀតណាម ឱ្យកាន់តែ​ខ្លាំង​ក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការ​ជំរុញ​កំណើន​សេ​ដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេស​ចរណ៍ អប់រំ សន្តិ​សុខតាមព្រំដែន និងកិច្ចសហ​ប្រ​តិ​បត្តិ​ការ​ដទៃទៀត ដែលភាគីទាំងពីរ​ធ្លាប់​បាន​ធ្វើកិច្ច​សហ​ប្រតិបត្តិការជាមួយគ្នា កាលពីពេល​កន្លង​មក​ ឱ្យកាន់តែមានភាពប្រសើរឡើង​ថែម​ទៀត​។

សូម​បញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអម​ដំណើរស​ម្តេ​ច​តេ ជោនាយក​រដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋសង្គមនិយម​វៀ​ត​​ណាម រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង​ការ​ពារ​ជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណ ការ និង​ដឹកជញ្ជូន ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ​ទទួល​បន្ទុក​កិ​ច្ច​ការ​ព្រំ​ដែន ឯកឧត្តម វ៉េង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯក ឧត្តម​បណ្ឌិតសុភាចារ្យ ហង់ ជូនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេចរណ៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូ​អម​នាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រី ថាមរុង្គ រដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអម​នាយក​រដ្ឋ​មន្រ្តី ឯកឧត្តម កែវ បាភ្នំ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិ​ការ​ក្រសួង មហាផ្ទៃ ឯក​ឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រម​ទាំង​​ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរជាច្រើនរូបទៀត៕

ដោយ ជឹម ណារី