ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នេះ បានអនុញ្ញាតឱ្យឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែង ការគួរសម និងទទួលអនុសាសន៍នៅវិមានព្រឹទ្ធសភា មុនពេលអញ្ជើញទៅបំពេញបេសក កម្មការទូតប្រចាំប្រទេសអេហ្ស៊ីប ។


នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសអេហ្ស៊ីប និងប្រទេស អ៊ីស្រាអែល។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះលោកត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងព្រះរាជណាចក្រកម្ពុជា ជាមួយនឹងប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។ ដើម្បីសម្រេចបំណងនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែលឱ្យបានល្អប្រសើរ។ បន្ថែមលើ នេះត្រូវធ្វើឱ្យគេយល់អំពីសភាពការណ៍ពិតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញឱ្យគេគាំទ្រ ប្រទេសកម្ពុជាទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួន ជូនដល់លោកឯកអគ្គរាជទូត ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាព ការណ៍នៅកម្ពុជាជូនដល់សាធារណៈ មតិជាតិ និងអន្តរជាតិ ជាពិសេស នៅប្រទេសដែលកំពុង បំពេញ ភារកិច្ច និងត្រូវផ្តល់ព័ត៌មានឱ្យបានរហ័ស ចំពោះសភាពការណ៍នយោបាយក្រៅប្រទេសដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយក ចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរមក កម្ពុជាឱ្យបានកាន់តែច្រើន។


ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល បានប្តេជ្ញា នៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភា ថា នឹងខិតខំបំពេញភារកិច្ចជាតំណាងឱ្យ ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមក៏បានសន្យាថា នឹងខិតខំអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការ ជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញអ្នក វិនិយោគិន និងអ្នកទេសចរ ឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត៕

ដោយ ប៉ាល់ សុង