ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ផុស សុវណ្ណ៖ ជំនួបលើកទី៣រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារ ព័ត៌មាន គ្រោងអញ្ជើញអ្នកចូលរួមប្រមាណ៥.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌ មាន បានថ្លែងឱ្យដឹងនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះថា ការរៀបចំជំនួបជាលើកទី៣ រវាងអ្នក​សារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧​មក គឺស្របតាមគោលការណ៍របស់ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងព័ត៌មានដែល ស្នើសុំទៅ​សម្ដេច​តេជោ ហ៊ុន សែន ដែលជំនួបក្នុងឆ្នាំនេះគឺគ្រោងនឹងអញ្ជើញអ្នកចូលរួមប្រមាណ៥.០០០នាក់ ខណៈឆ្នាំមុនគឺមានអ្នកចូលរួមប្រមាណតែ៤.០០០នាក់ប៉ុណ្ណោះ។

ឯកឧត្តមបានបញ្ជាក់ថា ជំនួបលើកទី៣នេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ខាងមុខ នៅមជ្ឈមណ្ឌល កោះពេជ្រ ដែលមានអ្នកសារព័ត៌មាន អ្នកពាក់ព័ន្ធគ្រប់វិស័យ អ្នកនាំពាក្យតាមរាជធានី ខេត្ដ តាមក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ រួមទាំងរដ្ឋមន្រ្ដីតាមក្រសួងមួយចំនួនផងដែរ ដើម្បីមកជួបប្រាស្រ័យដោយផ្ទាល់ជាមួយសម្ដេចតេជោ។ ឯកឧត្តមបានគូសបញ្ជាក់ថា “យើង​គ្រោងអញ្ជើញហ្នឹងមិនមែនអញ្ជើញតែអ្នកសារព័ត៌មានសុទ្ធទេ គឺអញ្ជើញអ្នកបម្រើការងារក្នុង​វិស័យទាក់ទងទាំងអស់ ដូចជាអ្នកនាំពាក្យនៅតាមរាជធានី ខេត្ដ តាមក្រសួង ស្ថាប័ន និងថ្នាក់ ឯកឧត្តមអភិបាលខេត្ដ ដើម្បីចូលរួមក្នុងជំនួបនេះផងដែរ ដើម្បីជាការយល់ ដឹងឱ្យបានទូលំ ទូលាយនៅក្នុងការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី”។

ឯកឧត្ដមបានលើកឡើងថា ការរៀបចំជំនួបនេះឡើងគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យអ្នកសារព័ត៌មាន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ បានយល់ដឹងកាន់តែជ្រួតជ្រាបពី តួនាទី និងការទទួលខុសត្រូវរៀងៗខ្លួន ទាំងអ្នកសារព័ត៌មាន អាជ្ញាធររាជធានី ខេត្ដ ព្រមទាំង ក្រសួង ស្ថាប័នផ្សេងៗ ក្នុងការផ្សព្វផ្សាយព័ត៌មាន ការឆ្លើយតប និងការបំភ្លឺបានទាន់ពេល វេលា ចំពោះអ្វីដែលបានកើតឡើងនៅតាមស្ថាប័នរបស់ខ្លួននីមួយៗ។

ឯកឧត្តមបានបន្ថែមថា ការចូលរួមជួបប្រាស្រ័យទាក់ទងគ្នានៅក្នុងជំនួបរវាង អ្នកសារ ព័ត៌មានជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ គឺមិនត្រឹមតែបង្ហាញអំពីការទទួលខុសត្រូវ របស់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេ តែក៏ជាការផ្ដាស់ប្ដូរនូវបទពិសោធន៍ ក៏ដូចជាចំណេះដឹង ពីគ្នា ទៅវិញទៅមករវាងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងមន្រ្ដីពាក់ព័ន្ធ ដើម្បីបង្កើន នូវភាពស្និទ្ធស្នាល ឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម ផុស សុវណ្ណ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានដែលមានបំណងចង់ ចូល​រួមក្នុងជំនួបនេះ គឺអាចមកចុះឈ្មោះនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌ មាន ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី២៥ ខែធ្នូខាងមុខ ដើម្បីទទួលបាននូវប័ណ្ណចូលរួម និងបង្ហាញចំនួនជាក់ស្ដែង ក្នុងជំនួបដ៏មានសារៈសំខាន់នេះ។

លោក ឆាយ សុផល ជាសមាជិកគណៈកម្មាធិការនាយកនៃក្លិបអ្នកកាសែតកម្ពុជា បានឱ្យថា ការរៀបចំជំនួបប្រចាំឆ្នាំរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននេះ គឺជាឱកាសមួយដែលអ្នកសារព័ត៌មានបានឈ្វេងយល់អំពីកិច្ចការងាររបស់ប្រមុខរាជរដ្ឋាភិ បាល ជាពិសេសការទទួលបាននូវអនុសាសន៍មួយចំនួនរបស់សម្ដេចតេជោពាក់ព័ន្ធនឹងវិស័យ សារព័ត៌មាន។ លោកបានបន្ដថា នេះក៏ជាការផ្ដល់នូវឱកាសដល់អ្នកសារព័ត៌មាន ទាំងអស់ បានជួបគ្នា និងបានជួបប្រាស្រ័យជាមួយអ្នកនាំពាក្យតាមរាជធានី ខេត្ដ និងក្រសួង ស្ថាប័នទាំងអស់ផងដែរ ដើម្បីពង្រឹងនូវទំនាក់ទំនងរវាងភាគីទាំងពីរឱ្យកាន់តែជិតស្និទ្ធថែម ទៀត។ លោកបានចាត់ទុកថា ជំនួបនេះគឺបានផ្ដល់ផលប្រយោជន៍ទាំងសងខាង ទាំងអ្នក នាំពាក្យ និងអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មាន នឹងទទួលបាននូវអនុសាសន៍ ពីសម្ដេចតេជោនាយករដ្ឋមន្រ្ដីទាក់ទងនឹងវិស័យព័ត៌មាន ហើយប្រមុខរាជរដ្ឋាភិបាលក៏នឹង អាចក្ដាប់បាននូវបញ្ហា របស់អ្នកសារព័ត៌មានមួយចំនួនផងដែរតាមរយៈក្រសួងព័ត៌មាន។

សូមរម្លឹកថា នេះគឺជាជំនួបលើកទី៣ហើយ រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយ អ្នកសារ ព័ត៌មាន ដែលកាលពីជំនួបលើកទី១ គឺធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៧ ដែល មានអ្នកចូលរួមប្រមាណជាង២.០០០នាក់ លើកទី២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មានអ្នកចូលរួមប្រមាណ​៤.០០០នាក់។ ចំណែកជំនួបលើកទី៣នេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ខាងមុខ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែល​គ្រោងនឹង អញ្ជើញអ្នកចូលរួមប្រមាណ៥.០០០នាក់ រួមទាំងអភិបាលរាជធានី ខេត្ដទាំង២៥ និងរដ្ឋ​មន្រ្ដីតាមក្រសួង ស្ថាប័នមួយចំនួនផងដែរ៕

ដោយ អ៊ុន រិទ្ធី