ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

យន្តហោះកងម៉ារីនអាម៉េរិក២គ្រឿងបុកគ្នានៅឯនាយឆ្នេរសមុទ្រខាងលិចរបស់ជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — ក្រសួងការពារប្រទេសជប៉ុននិយាយថា យន្តហោះប្រយុទ្ធ F/A-18 មួយគ្រឿងនិងយន្តហោះដឹក ប្រេង KC-130 មួយគ្រឿងដែលជារបស់កងម៉ារីនអាម៉រិកបានបុកគ្នានិងធ្លាក់ នៅឯនាយឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ដោយសមាជិកយន្តហោះ ៥នាក់ពីក្នុង៧ នាក់នៅកំពុងបាត់ខ្លួននៅឡើយ ។

ពួកមន្ត្រីបាននិយាយថា សមាជិកយន្តហោះម្នាក់នៃសមាជិកយន្តហោះ ដែលបានជួយសង្គ្រោះ ដោយកងកម្លាំងស្វ័យការពារ ( SDF ) ជប៉ុន គឺស្ថិតនៅក្នុងយន្តហោះប្រយុទ្ធ F/A-18 ហើយត្រូវបានគេយក ទៅកាន់ស្ថានីយ៍អាកាសអង្គភាពម៉ារីន Iwakuni ក្នុងប្រទេសជប៉ុនភាគខាងលិច ដែលនៅទីនោះគេនិយាយថា ស្ថិតនៅក្នុងស្ថាភាពដែលមានស្ថិរភាព ។

សមាជិកយន្តហោះដែលគេបានជួយសង្គ្រោះម្នាក់ទៀត ត្រូវបានគេយកទៅកាន់មូលដ្ឋានដូចគ្នានេះដែរ ថ្វីបើស្ថានភាពរបស់គាត់គេមិនបានបញ្ជាក់ច្បាស់នៅឡើយក៏ដោយ ។ តាមពួកមន្ត្រីឱ្យដឹងថា មានសមាជិកយន្តហោះ២នាក់ជិះនៅលើយន្តហោះប្រយុទ្ធ និងសមាជិក ៥នាក់ជិះនៅលើយន្តហោះដឹងប្រេង នៅពេលដែលការបុកគ្នាបានកើតឡើងនៅប្រហែលម៉ោង ១:៤០នាទី ព្រឹកម៉ោងក្នុងស្រុក ។

មានការប៉ាន់ស្មានថា យន្តហោះប្រយុទ្ធ F/A -18 កំពុងចាក់ប្រេងឡើងវិញនៅពាក់កណ្តាលអាកាស នៅពេលដែលការបុកគ្នាជាមួយយន្តហោះដឹកប្រេង KC-130 បានកើតឡើងថ្វីបើគ្មានការបញ្ជាក់អះអាង ជាផ្លូវការណាមួយពីរឿងនេះនៅឡើយក៏ដោយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )