ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងត្បូង និងអាមេរិក​សន្យាថា នឹងធ្វើកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធចំពោះកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — ភាគីទាំងពីរបាននិយាយថា ពួកមន្រ្តីការទូតជាន់ខ្ពស់កូរ៉េខាងជើង និងអាមេរិកបានជួប​ប្រជុំគ្នានៅទីក្រុងវ៉ាស៊ីងតោនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយបានព្រមព្រៀងគ្នា​ក្នុងការ​សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ​ ដើម្បីធ្វើមិន​ឱ្យមាននុយក្លេអ៊ែរនៅប្រទេសកូរ៉េខាងជើង។

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក កាង យ៉ុង-វ៉ា​ និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ិក ពុំពីអូ បានធ្វើកិច្ចប្រជុំជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល២ខែកន្លងទៅនេះ ចំពេលដែលមានការជាប់គាំងមួយនៅក្នុងកិច្ចចរចាការធ្វើមិនឱ្យមាននុយក្លេអ៊ែរ រវាងទីក្រុង​វ៉ាស៊ីង​តោន និងទីក្រុងព្យុងយ៉ាងនោះ។

ស្រ្តីអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ​Heather Nauert បាននិយាយនៅក្នុង​សេចក្តីថ្លែង​ការណ៍មួយថា​ ពួកមន្រ្តីការទូត បានអះអាងពីសម្ព័ន្ធដែលមិនអាចរំលោភគ្នា​បាន​រវាង​អាមេរិក និងកូរ៉េខាងត្បូង ហើយបានសន្យាថា នឹងរក្សាកិច្ចសម្របសម្រួលគ្នា​យ៉ាងជិត​ស្និទ្ធ​ ដើម្បីធ្វើប្រាកដថានឹងបញ្ចប់ ការធ្វើមិនឲ្យមាននុយក្លេអ៊ែរដែលបានត្រួតពិនិត្យយ៉ាង​ពេញ​លេញ​នៅក្នុងប្រទេសកូរ៉េខាងជើង។

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងបាននិយាយថា ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា​ទៅ​វិញទៅមកយ៉ាងស៊ីជម្រៅ អំពីការបន្តកិច្ចចរចារវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងព្យុង​យ៉ាង​​ ព្រមទាំងដំណើរការនៅក្នុងចំណងទាក់ទងអន្តរកូរ៉េ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )