ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងត្បូងនឹងធ្វើកិច្ចប្រជុំពួកនាយទាហានទំនាក់ទំនងចំពេលដែល ការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ទីក្រុងសេអ៊ូល

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — មន្រ្តីក្រសួងបង្រួបបង្រួមជាតិមួយរូបបាននិយាយថា កូរ៉េខាងត្បូង និងខាងជើង នឹងធ្វើ​កិច្ចប្រជុំមួយសម្រាប់ពួកទាហានផ្នែកទំនាក់ទំនងរបស់ពួកគេនៅថ្ងៃសុក្រនេះ ចំពេលដែល​មាន​ការរំពឹងទុកថា មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុង-អ៊ុន អាចនឹងធ្វើទស្សនកិច្ចនៅ​ទីក្រុង​សេអ៊ូល​នៅមុនដំណាច់ឆ្នាំនេះ។

តាមមន្រ្តីរូបនេះបានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិលោក Chun Hae-sung និងសមភាគីកូរ៉េខាងជើងរបស់លោក លោក Jon Jong-su នឹងបានប្រជុំគ្នា​នៅឯ​ការិយាល័យទំនាក់ទំនងរួមគ្នាមួយនៅទីក្រុងជាប់ព្រំដែន​ហ្គេសុង របស់ប្រទេសកូរ៉េខាងជើង។​លោក Chun និងលោក Jon ធ្វើជាប្រធានរួមគ្នានៃការិយាល័យនេះ ដែលបានបង្កើតឡើង​កាលពីខែកញ្ញាកន្លងទៅ ដើម្បីធានានូវបណ្តាញមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នា​២៤​ម៉ោង​លើ២៤ម៉ោង។

មន្រ្តីរូបនេះបាននិយាយទៀតថា នៅពេលដែលការិយាល័យនេះត្រូវបានគេបើក​ ភាគី​ទាំងពីរបានព្រមព្រៀងគ្នាក្នុងការធ្វើកិច្ចប្រជុំនាចុងសប្តាហ៍មួយ ដើម្បីពិភាក្សាគ្នាពីបញ្ហាឆ្លង​ការកាត់ព្រំដែន ប៉ុន្តែវាមិនត្រូវបានគេធ្វើឡើងតាមមូលដ្ឋាននាចុងសប្តាហ៍ដែលបាន​សន្យា​នោះទេ។ កាលពីពេលថ្មីៗនេះ​លោក Chun និងលោក​ Jon បានជួបប្រជុំគ្នាកាលពីថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅដែរ។

នៅក្នុងកិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ិន​ កាល​ពី​ខែ​កញ្ញាកន្លងទៅ លោក គីម បានសន្យាថា នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៅដំណាច់​ឆ្នាំនេះ ដើម្បីជាការឆ្លើយមកវិញចំពោះដំណើរទស្សនកិច្ចរបស់លោក មូន ទៅកាន់ទីក្រុង​ព្យុងយ៉ាង៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )