ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ចុះស្រង់បញ្ជីការងារប្រទានកម្មដីធ្លីនៅក្នុងរាជធានីភ្នំពេញឲ្យបានលឿន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ួង​ វុធ​៖

រាជធានីភ្នំពេញ​៖​ អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌទាំងអស់ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះស្រង់បញ្ជី នៃដំណើរការងារលើប្រទានកម្មដីធ្លី ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ឲ្យបាន ឆាប់ចប់ ព្រោះនៅសល់មិនដល់មួយខែទៀត នឹងផុតកំណត់ នៃការបង់ព័ន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរសិទ្ធិអចលនៈទ្រព្យ ដែលបានចុះបញ្ជីរួច។

ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យដំណើរការងារប្រទានកម្មដីធ្លី នៅក្នុងរាជធានីភ្នំពេញ និងបង់ព័ន្ធប្រថាប់ត្រា តែមួយដង ចំពោះការផ្ទេរសិទ្ធិអចលនៈទ្រព្យ ដែលបានចុះបញ្ជីរួច កាលពីល្ងាចថ្ងៃទី០៦ ធ្នូ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៏ថាដើម្បី សម្រេច នូវការបញ្ចប់ ការចុះស្រង់បញ្ជី នៃដំណើរការងារប្រទានកម្មដីធ្លី នឹងផុតកំណត់ នៃការបង់ព័ន្ធប្រថាប់ត្រាតែមួយដង ខណ្ឌទាំង១២ និងអ្នកជំនាញពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ មួយចំនួនទៀត ត្រូវរួមគ្នាពន្លឿនចុះស្រង់បញ្ជី នៃដំណើរការងារប្រទានកម្មដីធ្លីនេះមិន ឲ្យផុតនៅដំណាច់ឆ្នាំ២០១៨។

ឯកឧត្តម អភិបាលបន្តថា សំរាប់ការងារប្រទានកម្មដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ លើការកំណត់ បង់ព័ន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរសិទ្ធិអចលនៈទ្រព្យ ដែលបានចុះបញ្ជីរួចរាល់ ពិសេស នៅតាមបុរី មកដល់ពេលនេះ គឺនៅសល់មិនដល់មួយខែទេ វានឹងផុតកំណត់ហើយ។ ដូច្នេះផ្នែកពាក់ព័ន្ធ ត្រូវជំរុញកិច្ចការងារប្រទានកម្មដីធ្លី និងការបង់ពន្ធប្រថាប់ត្រានេះ ធ្វើយ៉ាងណាឲ្យទាន់ពេលវេលា ដែលរាជរដ្ឋាភិបាលបានកំណត់ជូន និងផ្ដល់ភាពងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ មន្ត្រីពាក់ព័ន្ធ ត្រូវធ្វើបញ្ជីដែលនៅសេសសល់នេះ បញ្ជូនទៅព័ន្ធដា ហើយត្រូវធ្វើបែបណា ដើម្បីឲ្យព័ន្ធដា ជួយសម្រួលការងារជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ បើទោះបីអាជ្ញាធរដែនដីខ្លះបញ្ជាក់ថា នៅបុរីមួយចំនួនមានភាពស្មុគស្មាញ។ តែការងារនេះ បើយើងធ្វើមិនទាន់ អ្នកដែលពិបាកគឺប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការងារចុះបញ្ជីដីធ្លីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រទានកម្មដីជូនប្រជាពលរដ្ឋ បានជាច្រើនកន្លែងរួចមកហើយ ដូចជាប្រទានកម្មដីជូនប្រជាពលរដ្ឋ នៅបុរីចំការល្មុត ចំ

ការស្វាយ ក្នុងខណ្ឌច្បារអំពៅ ជូនប្រជាពលរដ្ឋនៅសហគមន៏គង្គាផុស សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ នៅខណ្ឌដូនពេញ និងនៅសហគមន៍វិមានទ្រុង ខណ្ឌសែនសុខជាដើម៕