ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរឃុំស្រែក្រសាំងស្ថាបនាផ្លូវលំថ្មីមួយខ្សែទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លូវលើខ្នងទំនប់ប្រឡាយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គឹមហឿន ប្រចាំការ ខេត្តស្ទឹងត្រែង៖

អាជ្ញាធរនឹងប្រជាពលរដ្ឋនៅឃុំស្រែក្រសាំងជាង៤០០គ្រួសាររួមគ្នាសាងសង់ផ្លូវលំថ្មីមួយខ្សែ បន្ថែមទៀតនៅក្នុងឃុំនេះដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លូវលើខ្នងទំនប់ប្រឡាយ ការពារកុំឱ្យខូចខ្លាចស្ទះដល់ការងារបង្កបង្កើនផលនឹងលំបាកក្នុងការជួសជុលឬស្តារឡើងវិញដែលត្រូវចំណាយថវិកាច្រើន។

ក្នុងសកម្មភាពសាងសង់ផ្លូវថ្មីនៅថ្ងៃទី០៦ធ្នូឆ្នាំ២០១៨នេះលោកអ៊ាង សំអូនមេឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ពីមួយឆ្នាំទៅមួយឆ្នាំអាជ្ញាធរឃុំតែងតែអប់រំប្រជាពលរដ្ឋមិនឱ្យប្រើប្រាស់គោយន្ត ដឹកសម្ភារៈឬកសិផលលើសទំងន់ធ្វើដំណើរឆ្លងកាត់តាមខ្នងទំនប់ ប្រឡាយទឹកវាលស្រែក្រសាំងនេះទេ ព្រោះពេលខូចម្តងៗ ពិបាកប្រើកំលាំងជួសជុលហើយគ្មានថវិកាផង។


លោកបន្ថែមថា៖ដោយសារ បច្ចុប្បន្នប្រជាពលរដ្ឋយើងមានជីវភាពធូរធា ខ្លះគាត់មានគោយន្តប្រើប្រាស់ដឹកផលដំណាំកសិកកម្មមកពីចំការ ស្រែ ទើបឃុំឯកភាពគ្នាជាមួយពួកគាត់ ធ្វើផ្លូវថ្មី វាងាយស្រួលធ្វើដំណើរតាមនេះ។

លោកស៊ីនខាំប៊ុនកសិករនៅ ជិតផ្លូវនេះបានទទួលស្គាល់ថា៖តំបន់នេះជាចំណុចមួយដែលអាជ្ញាធរខេត្កស្រុកបានជំរុញឱ្យប្រជាកសិករយើងប្រឹងប្រែងធ្វើស្រែចំការព្រោះមានទំនប់ទឹកនៅខាងលើដែលរាជរដ្ឋភិបាលបានចំណាយថវិកាច្រើនម៉ឺនដូល្លារស្ថាបនាឡើង។លោកបន្ថែមថា៖ចំណែកឃុំធ្វើផ្លូវថ្មីនេះក៍ផ្ដល់ផលប្រយោជន៍កាន់តែល្អថែមទៀតព្រោះផ្លូវទំនប់ប្រឡាយក៍ថែររក្សារបាន ផ្លូវថ្មីនេះក៍បានប្រើប្រាស់ស្រួល។

លោកស្រី កន គឹមវ៉ុយ ក្រុមប្រឹក្សាឃុំស្រែក្រសាំងបានអះអាងថា៖កន្លងមកធ្លាប់មានប្រជាពលរដ្ឋខ្លះកើតមានទំនាស់នឹងគ្នាមែនព្រោះនៅពេលរដូវបង្កបង្កើនផលម្តងៗអ្នកខ្លះដកស្ទូងមុនក្រោយអាចស្ទះផ្លូវនៃការដឹកជញ្ជូនសម្ភារៈចេញចូល។លោកស្រីអះអាងថា៖ពេលកើតផ្លូវនេះយើងក៍កាត់បន្ថយបានទំនាស់ហើយក៍សូមឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំជាពិសេសអ្នកភូមិដំរីផុងចេញចូលច្រើនជួយថែររក្សាដើម្បីទុកជាប្រយោជន៍បានប្រើប្រាស់យូរអង្វែង។

សូមបញ្ចាក់ថា៖ផ្លូវលំគ្រួសក្រហមថ្មីនេះមានប្រវែងជាង១៥០០ម៉ែត្រចូលពីផ្លួវកៅស៊ូជាអំណោយរបស់សម្តេចតេជោទៅដល់ផ្លូវទំនប់ស្រែក្រសាំងត្រូវចំណាយថវិកាជាង៥៨លានរៀលនឹងគ្រោងបញ្ជាប់ការសាងសង់នៅខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ៕