ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី២

AKP ឧត្តរមានជ័យ ថ្ងៃទី0៦ ខែធ្នូ ឆ្នាំ២០១៨ — នៅសាលាខេត្តឧត្តរមានជ័យ មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សា ខេត្ត អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម ​យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើមី្បពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។

 ពិធីនេះក៏មានការ អញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។ សមាជិកនៃកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំនោះ សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ ក៏បានផ្តោតយ៉ាងសំខាន់ទៅលើចំណុចខ្លឹមសាររបាយការណ៍ប្រចាំខែវិច្ឆិកា ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្តអនុវត្តន៍ក្នុងខែកន្លងកម។

ឯកឧត្តម ​យឹម ធិន បានមានប្រសាសន៍កោតសរសើរ ចំពោះគណៈកម្មាធិការ កាតព្វកិច្ចទាំងបីរបស់ក្រុមប្រឹក្សា​ ស្ថាប័នផ្សេងៗ ដែលបានអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ហើយក៏បានសង្កត់ធ្ងន់ ចំពោះបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ព្រមទាំងមានវិធានការជាបន្ទាន់ ក្នុងការទប់ស្កាត់ និង បង្រ្កាបរាល់បទល្មើសផ្សេងៗ ដូចជាបញ្ហាគ្រឿងញៀន និង ល្បែងស៊ីសង ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម ក៏បានក្រើនរម្លឹកចំពោះបណ្តាមន្ទីរ ក៏ដូចបណ្តាក្រុង ស្រុក ត្រូវបង្កើតកម្មវិធីរបៀបនៃកិច្ចប្រជុំ ដោយមានកាលវិភាគច្បាស់លាស់ ព្រមទាំងផ្តល់នូវ របាយការណ៍របស់ខ្លួនជារៀងរាល់ខែ ត្រីមាស ឆមាស និងឆ្នាំ ឱ្យបានទៀងទាត់ទៅ តាមការណែនាំរបស់គណៈអភិបាលខេត្ត ។

ឯកឧត្តម ប៉ែន កុសល្យ  ក៏បានធ្វើការណែនាំបន្ថែមចំពោះការ ធ្វើការងារមួយចំនួនសំខាន់ៗ ដល់បណ្តាមន្ទីរ អង្គភាព ដែលជាសេនាធិការរបស់ខេត្ត ក្នុងការគ្រប់គ្រងមន្ត្រី និងត្រូវគោរពឱ្យបាននូវតួនាទី និងភារកិច្ចរបស់ខ្លួន  ក្នុងគោល​ដៅ​អនុវត្តន៍នូវរបបវិមជ្ឈការ និងវិសហមជ្ឈការ របស់នៅថ្នាក់ក្រោមជាតិឱ្យបានកាន់តែល្អ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំ​ពោះថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើក​​ទី​៥១នេះ  ដែលបានធ្វើឱ្យមានការប្រសើរឡើង ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និង ដើម្បីការងារអភិវឌ្ឍន៍នូវគ្រប់មូលដ្ឋានរបស់យើងទូទាំងខេត្តទាំងមូល៕

ដោយ ទិត ស្រ៊