ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចាកចេញពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងដំណើរបន្តបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា៖ អ្នកយកព័ត៌មានពិសេសរបស់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិកម្ពុជា​៖

បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកនៃទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិ​បតេយ្យ​ប្រជាមានិតឡាវ ប្រកបដោយ​លទ្ធផល​ដ៏ត្រចះត្រចង់រួមមក នៅរសៀលថ្ងៃទី៦ធ្នូនេះ សម្តេចអគញគមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុ​ជា និង គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញ​ធ្វើ​ដំណើរចាកចេញពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងដំណើរបន្ត​អញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងហាណូយសាធា​រណ រដ្ឋសង្គមនិយមវៀតណាម សម្រាប់រយះពេល៣ថ្ងៃបន្តទៀត គឺពីថ្ងៃ​ទី៦​ដល់ថ្ងៃទី៨ធ្នូ។

នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាត់តៃ វត្តមាននៃ​ការអញ្ជើញ​ជូនដំ​ណើរ​សម្តេចតេជោនាយករដ្ឋមន្រ្តី និង គណះប្រតិភូជាន់ខ្ពស់​រាជរដ្ឋា​ភិបាលកម្ពុជារួមមាន ឯកឧត្តម​សាស្រ្តា​ចារ្យបណ្ឌិត បូសេងខាំ វង់​ដា​រ៉ា(Bosengkham Vongdara)រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌និង​ទេស​​​​​​ចរណ៍ឡាវ ឯក​ឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ និង​​ពេញ​​​សមត្ថភាព នៃសាធារណរដ្ឋប្រជាធិ​ប​តេយ្យ​ប្រជា​មានិត​ឡាវ​ ប្រ​ចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចេង ម៉ា​និត ឯកអគ្គរាជទូត​វិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុ​ជា ប្រចាំ​សា​ធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់​ខ្ពស់ របស់រដ្ឋាភិបាល​ឡាវ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជា​មានិត​ឡាវជាច្រើនរូប។

បន្ទាប់ពីបានធ្វើដំណើរប្រមាណ១ម៉ោងនិង១០នាទី យន្តហោះ​ពិសេស​របស់ព្រះរាជាណា​ចក្រកម្ពុជា ជើងហោះហើរលេខ 001 បាន​ធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយាន ដ្ឋានអន្តរ​ជាតិ​ណូយបៃ ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាល​​​ពីវេលា​ម៉ោង​១៦និង២០នាទី ក្រោមវត្តមាននៃការអញ្ជើញ​បដិ​សណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯក​ឧត្តម Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល ឯកឧត្តម ប្រាក់ ងួន​ហុង ឯក​អគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ប្រចាំសាធារណរដ្ឋ​សង្គម​និយមវៀតណាម និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន ជាន់ខ្ពស់រដ្ឋា​ភិបាល​វៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រចាំសាធា​រណ​រដ្ឋសង្គមនិយមវៀតណាម ជាច្រើនរូប។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងចាប់ផ្តើមបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ នៅព្រឹកថ្ងៃទី៧ធ្នូ ។ វៀតណាមគឺជាប្រទេសទី២​ ក្នុង​តំបន់​អាស៊ាន បន្ទាប់ពីប្រទេសឡាវ ដែលសម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី ជ្រើសរើសសម្រាប់​ដំ​ណើរ​បំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពី​សម្តេច​​តេជោ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី​៦ នៃរដ្ឋសភា កាលពីដើមខែកញ្ញាកន្លងទៅថ្មីៗនេះ។