ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខតំណែង​ និងបំ​ពាក់​ឋានន្តរ​ស័ក្តិ​ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការ​ដ្ឋាន​នគរបាលខេត្តព្រះសីហនុ

AKP ​ព្រះសីហនុ​ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ បានរៀបចំពិធី​ប្រកាសផ្ទេរភារកិច្ច តែងតាំង​មុខ​តំណែង​ បំពាក់ឋានន្តរស័ក្តិ គ្រឿង​ឥស្សរិយយស​ និងប័ណ្ណសរសើរជូនមន្រ្តីនគរបាលជាតិ នៃស្នងការ​ដ្ឋាន​នគរបាលខេត្តព្រះសីហនុ ចំនួន១២៨នាក់។  ពិធីនេះប្រព្រឹត្តទៅក្រោម​អធិបតីភាពឯកឧត្តម នាយ​ឧត្តមសេនីយ៍​ ប៉ែន វិបុល​ អគ្គស្នងការរងនគរបាលជាតិ និង​ជាប្រធាន​នាយកដ្ឋាន​បុគ្គលិក​ និងលោក គង់ វិតានៈ​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​។
តាម​ព្រះ​រាជ​ក្រឹត្យ​ អនុ​ក្រឹត្យ​ និង​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ តម្លើងឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងផ្តល់ប័ណ្ណសរសើរ ជូនមន្រ្តីនគរបាលជាតិចំនួន ១២៨នាក់  ក្នុង​នោះ​ខេត្ត​ព្រះសីហនុចំនួន ៨៦នាក់ និងខេត្ត​ផ្សេង​ៗ​ចំនួន​ ២៥នាក់។ ខេត្តព្រះសីហនុ តែងតាំងមុខតំណែងចំនួន ៣៣នាក់ (ថ្នាក់​ស្នងការ​រង​ចំនួន​ ៧នាក់, នាយ​ការិយាល័យ​ ៣នាក់ , នាយរងការិយាល័យ ១៨នាក់ , អធិការ​ ១នាក់ និង​អធិការ​រ​ង​៤នាក់​)​ បំពាក់​ឋានន្តរ​ស័ក្តិ​ចំនួន​ ៥៧នាក់ ថ្នាក់​ឧត្តម​សេនីយ៍​ត្រី​ ១នាក់, វរសេនីយ៍​ឯក​ ២នាក់, វរសេនីយ៍ទោ​ ២៩នាក់ , វរសេនីយ៍ត្រី ២៣នាក់ និង​អនុសេនីយ៍​ឯក​ចំនួន​ ២នាក់ ។ ចំពោះខេត្តផ្សេងបំពាក់ឋានន្តរស័ក្តិ ចំនួន ២៥នាក់ ថ្នាក់​ឧត្តម​សេនីយ៍​ត្រី​ចំនួន​ ១៣នាក់ និង​វរសេនីយ៍ឯកចំនួន ១២នាក់។  ក៏​មាន​ការ​បំពាក់​គ្រឿង​ឥស្សរិយយស​ និងប្រគល់ប័ណ្ណសរសើរ ជូនដល់មន្រ្តីនគរបាលជាតិដែលមានស្នាដៃល្អ ចំនួន​ ២៣នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល​ អគ្គ​ស្នងការ​រងនគរបាល​ជាតិ មានប្រសាសន៍កោតសរសើរចំពោះកងកម្លាំងនគរបាល​ខេត្តព្រះសីហនុ ដែល​បាន​ខិតខំ​បំពេញការងារ ភារកិច្ច ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ​ ជូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរជាតិ អន្តរជាតិ​ និង​អ្នក​វិនិយោគ​បរទេស​បាន​ល្អ​ប្រសើរ​ ព្រមទាំងផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវគោល នយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៩ចំណុច របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ពិសេសលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន គ្រឿងញៀន និងរក្សាសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីកំណើនភ្ញៀវទេសចរមានការកើនឡើងនាឆ្នាំខាងមុខ៕

ដោយ ងូ សុមុនី