ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋបាលខេត្តព្រះសីហនុ រៀបចំប្រារព្ធពិធីអបអរសាទររម្លឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៨៧៨ – ២ធ្នូ ២០១៨) នៅសាលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹថ្ងៃទី០៦ ខែធ្នូ  ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានគណៈកម្មាធិការ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ សមាជិករណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ឯកឧត្តម ជាម ហ៊ីម បានអានសុន្ទរកថាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដោយគូសបញ្ជាក់ថា ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ។ ថ្ងៃ ២ធ្នូ ជាថ្ងៃបង្កើត កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និងរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ប្រជាជនកម្ពុជាចាត់ទុកថ្ងៃ ២ធ្នូ ជាព្រឹត្តិការណ៍ ជាតិមួយដ៏សំខាន់ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ។

ឯកឧត្តមបានបន្តថា រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឱ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្តោះទេ រណសិរ្ស២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ។រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ ធ្នូ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួល រំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជម្នះ នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបាននូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជម្នះ ៧មករា យើងក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ គឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រ របស់កម្ពុជា មិនអាចបំភ្លេចបាន។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ នៃការបង្រួបបង្រួម  ផ្សះផ្សាជាតិ ធ្វើឱ្យប្រទេស កម្ពុជាមាន សុខសន្តិភាព ស្ថិរភាពនយោបាយ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ កម្ពុជារក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំ ដែលទ្រទ្រង់ដល់ការ អភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ឯកឧត្តមបន្តទៀតថា ជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន និងរណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជាតំណាងឱ្យសមាជិក សមាជិកាអង្គមិទ្ទីងទាំងមូលលើក កម្ពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយ ប្រជាជន បម្រើប្រជាជនឱ្យអស់ពីកម្លាំងកាយ ចិត្ត ដើម្បីអនុវត្តន៍ឱ្យបានជោគ ជ័យនូវទិសដៅរបស់ថ្នាក់លើ រួមចំណែកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ   និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និង ថៃ្ងជ័យ ជម្នះ៧មករា ដែលជាកំណើត ទី២ របស់យើងទាំងអស់គ្នា។

ឯកឧត្តមបានបញ្ជាក់ថា យើងត្រូវថែរក្សានូវរាល់សមិទ្ធផល នៃសង្គមជាតិឱ្យ បានគង់វង្ស ស្ថិតស្ថេរ រីកចម្រើន ការពារដាច់ខាតសន្តិភាព ស្ថិរភាពសង្គម ដើម្បីរស់នៅប្រកបដោយសុភមង្គល សុខដុមរមនា និងរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិប្រកបដោយចីរភាព លើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជន ដើម្បីជោគជ័យនូវ រាល់កម្មវិធីនយោ បាយអភិវឌ្ឍន៍ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងពង្រឹងនូវ សមិទ្ធផលសង្គមជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនជារៀងរហូត៕

ដោយ ងូ សុមុនី