ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ខ័ណ្ឌ ចំណាន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការរៀបចំធ្វើផែនការប្រើប្រាស់ដីធ្លី ឃុំ សង្កាត់ ឆ្នាំ២០១៨ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្ដម ខ័ណ្ឌ ចំណាន អភិបាលស្តីទីនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការរៀបចំផែនការប្រើប្រាស់ដីធ្លី នៅក្នុងឃុំសង្កាត់ឆ្នាំ ២០ ១៨ នៅខេត្តក្រចេះកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។          

សិក្ខាសាលានេះរៀបចំដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត សហការជាមួយអង្គការ WWF  និងមានការអញ្ជើញចូលរួមពីអាជ្ញាធរ ខេត្ត ស្រុក ឃុំសង្កាត់ មន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធ និងអង្គ ការសង្គមស៊ីវិលប្រមាណជាង ៤០០នាក់។

លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិ យោដីខេត្ត បានឱ្យដឹងពី គោលបំណងសិក្ខា សាលាផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពង្រឹង ដំណើរការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ឱ្យ បានត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជាអតិបរមាដល់សង្គមជាតិ ស្របតាមគោល ការណ៍ច្បាប់ស្តីពីការ រៀបចំយុទ្ធសាស្រ្តគ្រប់គ្រងដីធ្លីដោយផ្តោតសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រងការលុបបំបាត់ភាពអនាធិប តេយ្យ ក្នុងការកាន់កាប់ដីរបស់រដ្ឋ សំដៅកាត់ បន្ថយទំនាស់ដីធ្លី និងធានាសុវត្ថិភាពក្នុងការកាន់កាប់ដីនិង បន្តដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយសហការជាមួយក្រុមការ ងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់។

លោក ហម ចាន់ដេត តំណាងអង្គការមូល និធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF)បានបញ្ជាក់ថា កន្លងមកក៏ដូចបច្ចុប្បន្ន ការអនុវត្តការងារលើការអភិរក្សប្រព័ន្ធជីវចម្រុះ និងធនធានធម្មជាតិក៏មានការប្រឈមនិងគំរាម កំហែងពីសកម្មភាពផ្សេងៗ ក្នុងនោះការទន្រ្ទានដីព្រៃដោយខុសច្បាប់សម្រាប់ធ្វើកសិកម្មនិងការតាំងលំនៅឋាន ការកាប់ឈើខុសច្បាប់ក្នុងព្រៃសហគមន៍ ការប្រមាញ់សត្វព្រៃ ការនេសាទដោយ ប្រើឧបករណ៍ខុសច្បាប់ រួមទាំងសំណើគម្រោងអភិវឌ្ឍន៍ទំនប់វ៉ារីអគ្គិសនី នៅលើដង ទន្លេមេគង្គជាដើម។

ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា  ការរៀបចំផែន ការប្រើប្រាស់ដីធ្លីនេះ គឺផ្អែកលើគោលការណ៍នៃភាពជាម្ចាស់របស់មូលដ្ឋាន ព្រមទាំងការត្រួត ពិនិត្យដំណើរការ ការធ្វើផែនការដោយមានការចូលរួមពីក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត រួមទាំងក្រុមការងារអន្តរក្រសួងក្នុងការធ្វើ ផែនការប្រើប្រាស់ដីធ្លីដូចដែលបានចែងក្នុងគោលការណែនាំ។

ឯកឧត្តមអភិបាលខេត្តស្តីទីបញ្ជាក់ថា បច្ចុប្បន្នមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តក្រចេះ បាននឹងកំពុងរៀបចំដំណើរការនៃការរៀបចំផែន ការប្រើប្រាស់ដីធ្លីថ្នាក់ឃុំចំនួនពីរគឺ ឃុំជ្រោយបន្ទាយ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ និងឃុំអូរគ្រៀង ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះក្រោមជំនួយថវិការបស់រដ្ឋាភិបាល បែលហ្ស៊ិក តាមរយៈ អង្គការមូល និធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ប្រចាំនៅកម្ពុជា WWF ។

ឯកឧត្តមបញ្ជាក់ទៀតថា ទាំងអស់នេះហើយ ដែលឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់របស់រាជ រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ព្រមទាំងកែលម្អសេវាសាធារណៈផ្តល់ជូន ប្រជាជនឱ្យមានភាពកាន់តែល្អប្រសើរឡើង និងស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោ ណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ  ជួន សុជាតិ