ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សភាកម្ពុជានឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៩ ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — សភាកម្ពុជានឹងទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ា ស៊ីហ្វិកលើកទី២៧ នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៩ខាងមុខនេះ។ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមរៀបចំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះនៅវិមានរដ្ឋសភា ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាបានលើកទឹកចិត្តឱ្យមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ត្រូវ សហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាផ្នែកសន្តិសុខការពារ បច្ចេកទេស បដិសណ្ឋារកិច្ច និងបែបបទ នីតិវិធីចាប់ពីការងារមុនកម្មវិធីរហូតដល់ចប់នៃកម្មវិធីនេះ។

ឯកឧត្តមបញ្ជាក់ថា សភាជាតិកម្ពុជាបានទទួលជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ” ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព”។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ នឹងលើកមុខមាត់ប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិជា ពិសេសបានរួមចំណែក ដោះស្រាយបញ្ហារួមនៅក្នុងវិស័យសេដ្ឋកិច្ច បរិស្ថាន ការប្រែប្រួល អាកាសធាតុការ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម លើកកម្ពស់សមភាពយេនឌ័រ ទេសចរណ៍ វប្បធម៌ សិទ្ធិមនុស្សជាដើម។

ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបាន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៦ខែធ្នូនេះ សភាជាតិកម្ពុជាបានត្រៀមរួចរាល់ហើយទាំង ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ការងារព័ត៌មានផ្សព្វផ្សាយ និងការងារពាក់ព័ន្ធជាច្រើនទៀត។ រហូតមកដល់ពេលនេះមានបណ្តាប្រទេសជាសមាជិកមួយចំនួនបានបញ្ជូននូវសេចក្តីព្រាងសេចក្តីសម្រេចជាង១០រួចហើយពាក់ព័ន្ធទៅនឹងនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងស្រ្តី ដើម្បីត្រៀមដាក់ពិភាក្សាក្នុងកិច្ចប្រជុំនេះ។ ជាមួយគ្នានេះ ក៏មានប្រទេសខ្លះ បានបញ្ជូនឈ្មោះថ្នាក់ដឹកនាំឱ្យមកចូលរួមបាន ប្រមាណជិត១០០នាក់ហើយ។
សូមបញ្ជាក់ថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ប្រចាំឆ្នាំលើកទី២៦ ឆ្នាំ២០១៨ ធ្វើនៅប្រទេសវៀតណាម។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយសភាកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិ នៃវេទិកា សភានេះ កាលពីឆ្នាំ១៩៩៥ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធចំនួន ២៧ប្រទេស៕

ដោយ ប៉ាល់ សុង