ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលជួបប្រធានរដ្ឋសភាឡាវ

AKP ឡាវ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងដំ​ណើរ​ទស្ស​ន​កិច្ចទៅកាន់ប្រទេសឡាវ កាលពី​​រសៀល​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨​ បន្ទាប់ពី​បាន​អញ្ជើញដាក់​កម្រ​ង​ផ្កានៅ​ស្តូប​យុទ្ធជន​ពលីជីវិត​របស់ប្រទេស​ឡាវ​រួច​ហើយ​នោះ ស​ម្ដេច​អគ្គមហាសេ​នា​ប​តី​តេ​ជោ ហ៊ុ​ន ​សែន ​នាយករ​ដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ក៏​បាន​អញ្ជើញជួប​ពិភា​ក្សា​ជា​មួ​យ​​លោក​ជំទាវ​ ប៉ានី ​យ៉ាថូទូ ​ប្រធាន​រដ្ឋ​សភា​ឡាវ​។

នៅក្នុងជំនួបនោះ លោកជំទាវបានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបាន អញ្ជើ​ញ​មក​​ទស្សន​​កិច្ចផ្លូវការនៅប្រទេសឡាវ។ លោកជំទាវសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ស​ម្ដេ​ច​តេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវា​ង​ប្រទេសទាំងពីរ។ លោកជំទាវក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែ​ល​បាន​ជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោត របស់​​គណបក្ស​ប្រជាជនកម្ពុជា។

លោកជំទាវបានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់​គណ​បក្ស​ប្រជាជនកម្ពុជា​នៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេច​តេ​ជោ​ផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានជំនឿជឿជាក់ថា ស​ម្ដេ​ចតេជោ​ហ៊ុន​សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍន៍ប្រទេស​​ឱ្យ​កាន់​តែរីក​ចម្រើ​ន​ និងទទួលបាន​ជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួម​ចំ​ណែ​កដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ លោកជំទាវក៏បាន​អ​ប​​អរសាទរចំពោះលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរផងដែរ។

ការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់​លោក​​ជំទាវ​ប្រធានរដ្ឋសភាឡាវ។ សម្ដេចបានជម្រាបជូនលោកជំទាវប្រធានរដ្ឋសភាឡាវថា កា​រ​បោះ​ឆ្នោតនៅកម្ពុជាលើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែលមាន​ប្រ​ជា​ជន​ប្រមាណជាង ៨៣ភាគរយ បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើន ជាងការ បោះ​ឆ្នោត​ពី​​អាណត្តិមុនៗ។ សម្តេចតេជោបន្តថា ជោគជ័យនេះ គឺបានមកដោយសារ ប្រជា ជនបានគាំទ្រ​ចំពោះ​គណបក្សប្រជាជនកម្ពុជា មានជាង៧៧ភាគរយ នៃសំឡេងឆ្នោត​បាន បោះឱ្យគណបក្ស​ប្រ​ជា​ជន​កម្ពុជា ក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោតចំនួន២០ ។

សម្តេចតេជោ​នា​យ​ករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកជំទាវ អំពីលទ្ធផលនៃជំនួបចរចា រវាងសម្ដេចជាមួយ​និង​នាយ​ករដ្ឋមន្ត្រី​ឡាវ ដែលពាក់ព័ន្ធនឹងការតភ្ជាប់វារីអគ្គិសនី ការតភ្ជាប់ ស្ពានពីខេត្តចំប៉ាសាក់ មក​ខេត្តព្រះវិហារ ដែលជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

​លោកជំទាវប្រធានរដ្ឋសភាឡាវបានចាត់​ទុកថា ជោគជ័យនៃជំនួបថ្ងៃនេះ​មានសារៈ​សំ​ខា​ន់ ក្នុងការបន្តជំរុញនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយ​លោកជំ​ទាវ​ចង់​ឱ្យ​នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយ​បញ្ហា​​រវាងប្រទេសទាំងពីរឱ្យបាន​ប្រសើរឡើងថែមទៀត៕

ដោយ ជឹម ណារី