ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្រូវប្រាំងជិត៥០០ហិកតា ដែលខ្វះទឹកនៅក្នុងឃុំចំនួន២របស់ស្រុកមង្គលបូរី កំពុងបូមទឹក​​ជួយ​សង្គ្រោះ

AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — ស្រូវប្រាំងជិត៥០០ហិកតារបស់ប្រជាកសិករនៅក្នុងឃុំចំនួន២របស់ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដែលទទួលរងគ្រោះដោយសារការខ្វះទឹកនោះឥឡូវនេះកំពុងត្រូវបានបូមទឹកជួយ​សង្គ្រោះក្រោមកិច្ចសហការរវាងមន្ទីរជំនាញអាជ្ញាធរដែនដីនិងម្ចាស់ស្រែ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យ ដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​៦ ខែធ្នូ ​ឆ្នាំ២០១៨នេះថា ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន២គ្រឿងបន្ថែមទៀតបាន បញ្ចុះទៅ កាន់គោលដៅភូមិតាសល់ឃុំគោកបល័្លង្គកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ នេះដើម្បីរៀបចំដំឡើង និងដំណើរការបូមទឹកចេញពីស្ទឹងមង្គលបូរីទៅអន្តរាគមន៍សង្គ្រោះ ដំណាំស្រូវប្រាំង របស់កសិករដែលកំពុងមានតម្រូវការទឹកប្រមាណ៤៦០ហិកតានៅក្នុងភូមិឃុំខាងនេះនិងមួយចំនួនទៀតនៅក្នុងឃុំភ្នំតូច។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងទៀតថា ដោយស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពីទម្លាប់ដែលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះស្ថាន​ភាពភ្លៀងដើមឆ្នាំបានលឿននិងចុងឆ្នាំអូសបន្លាយដែលជាហេតុ បណ្តាលឱ្យមានការព្រួយ​បារម្ភនឹងកង្វះខាតទឹកស្រោចស្រពនិងប្រើប្រាស់។

លោក យឹម ប៊ុនរ៉ុម បានឱ្យដឹងដែរថា ជាវិធានការដែលក្រសួងមន្ទីរធនធានទឹកត្រូវ ប្រកាន់ យកនោះគឺត្រូវយកចិត្តទុកដាក់និងដោះស្រាយដោយប្រើប្រាស់គ្រប់ លទ្ធភាពជួយ សង្គ្រោះ​ដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅគ្រប់កន្លែង ដែលមាន ប្រភពទឹក។

មន្ត្រីជំនាញទាំងអស់ដែលមានការចាត់តាំងរួចជាស្រេចត្រូវចុះក្តាប់និងដោះស្រាយជាបន្ទាន់​នូវរាល់បញ្ហាដែលពាក់ពន្ធ័នឹងទឹក។ ត្រូវធ្វើការងារជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់​ថ្នាក់ក្នុងន័យណែនាំដល់បងប្អូនប្រជាកសិករជៀសវាងការបង្កបង្កើនផលនាដើមរដូវច្រើន​ហួសហេតុឆ្ងាយពីប្រភពទឹកដែលអាចក្លាយជាមហន្តរាយធ្ងន់ធ្ងរឈានទៅដល់កង្វះខាតទឹកប្រើប្រាស់ពាក់ពន្ធ័នឹង​ជីវភាពប្រចាំថ្ងៃថែមទៀត។

​របាយការណ៍មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា នៅរដូវបង្ក បង្កើនផលស្រូវប្រាំង ឆ្នាំ២០១៨-២០១៩ នេះ ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការ ផលិតស្រូវលើផ្ទៃដីចំនួន ២២.០០០ ហិកតា។ ប៉ុន្តែការដាំដុះជាក់ស្តែងរបស់កសិក រមកដល់ពេលនេះ គឺសម្រេចបានលើផ្ទៃដីជាង ៤៥.០០០ ហិកតា ហើយ ពោលគឺបានធ្វើលើសផែនការជាង ២៣.០០០ ហិកតា ខណៈផ្ទៃដីរាប់ពាន់ហិកតា បាន និងកំពុងជួបការខ្វះខាតទឹក។

​ប្រធានមន្ទីរធនធានទឹក លោក យឹម ប៊ុនរ៉ុម បានបញ្ជាក់ថា​បើទោះជាយ៉ាងណា ក៏ដោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តគិតគូរ និងជួយដល់កសិករ ដោយបានបញ្ជាឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងគ្រប់លំដាប់ថ្នាក់ ចុះសហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ប្រើប្រាស់នូវគ្រប់មធ្យោបាយ ដែលមាន ដើម្បីដោះស្រាយទឹកស្រោចស្រពជូនដល់កសិករនៅតាមទីតាំងដែល មានតម្រូវការ៕

ដោយ ឈុន សារ៉ាត