ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការប្រកួតកីឡាប្រដាល់គុនខ្មែរ-ប្រដាល់សកល ជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ គ្រោងធ្វើ នាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — ការប្រកួតកីឡាប្រដាល់គុនខ្មែរនិងប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៨ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ នៅឃុំវិហារសួគ៌ ស្រុក ខ្យាច់ កណ្តាល ខេត្តកណ្ដាល ដោយមានកីឡាករចូលរួមពីទាំង២៥ខេត្ត និងរាជធានីភ្នំពេញ។ នេះបើ​តាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។


ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់ក្បាច់គុនខ្មែរបញ្ជាក់ថា នេះគឺជាឆ្នាំ ទី២ហើយ ដែលសហព័ន្ធទទួលបានការឧបត្ថម្ភពីលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក ក្រុមហ៊ុន Jet Group ដើម្បីរៀបចំជើងឯកថ្នាក់ជាតិនៅឃុំវិហារសួគ៌នេះ។ ប៉ុន្តែឆ្នាំនេះ សហ ព័ន្ធ​កីឡាប្រដាល់ទាំងពីរបានធ្វើកំណែទម្រង់ថ្មីមួយ ដើម្បីធានាប្រកួតឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុង ១ប្រភេទទម្ងន់​សហព័ន្ធ អនុញ្ញាតឱ្យក្លិប ឬសមាគម តំណាងរាជធានី-ខេត្តនីមួយៗ បញ្ជូនកីឡាករត្រឹម តែម្នាក់ ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យចូលរួមដោយសេរីដូចមុនទៀតឡើយ។ ការធ្វើបែបនេះ គឺអាច ធានាគុណភាពប្រកួតបានល្អជាងយើងប្រមូលផ្ដុំមកប្រកួតទាំងអស់ ដោយមិនឆ្លងកាត់ការ ជម្រុះ និងការវាយតម្លៃ។លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ដែរថា ឆ្នាំនេះត្រៀមចំណាយជាង៤ម៉ឺនដុល្លារ ដែល កើនជាងឆ្នាំមុន ដើម្បីរៀបចំជើងឯកថ្នាក់ជាតិប្រដាល់គុនខ្មែរ និងប្រដាល់សកលឱ្យកាន់តែ ល្អប្រសើរ ដោយលោកឧកញ៉ា បានបង្ហាញនូវក្តីរីករាយចំពោះការរួមចំណែកអភិវឌ្ឍន៍ វិស័យ កីឡាប្រដាល់កម្ពុជាឱ្យកាន់តែរីកចម្រើន។ ម្យ៉ាង ទៀតការជួយឧបត្ថម្ភគាំទ្ររបស់លោក ឧកញ៉ា នឹងជំរុញ និងលើកទឹកចិត្តបន្ថែមដល់ការអភិវឌ្ឍកីឡាប្រដាល់ ទាំងពីរផង និងនាំឱ្យ​យុវជននានាឱ្យចូលរួមហ្វឹកហាត់ និងការប្រកួតកីឡានេះឱ្យកាន់តែសម្បូរធនធាន ព្រម ជាមួយនឹងបញ្ជៀសយុវជនឱ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ។

គួរបញ្ជាក់ថា ការប្រកួតលើប្រភេទកីឡាប្រដាល់គុនខ្មែរមានកីឡាករ-កីឡាការិនីចូល រួមសរុប ៩៦នាក់ ដែលត្រូវប្រកួតលើវិញ្ញាសាចាប់ពីទម្ងន់ ៤៥គីឡូក្រាម រហូតដល់ទម្ងន់ ៧១គីឡូក្រាម និងប្រភេទកីឡាប្រដាល់ សកលមានកីឡាករ-កីឡាការិនីចូលរួមសរុប៦៦ នាក់៕

ដោយ ហេង ណាលីន